(ស្វាយរៀង)៖ ​ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ ​ជនរងគ្រោះដោយសារគ្រាប់បែកគីមី នៅឃុំគគីរ ស្រុករមាសហែក ទាំង៨នាក់ ត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះហើយ នៅព្រឹកនេះ ក្រោយទទួលបានការពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត។

ក្នុងពេលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យនោះ គឺឃើញអភិបាល និងអភិបាលរងខេត្ត បានចុះមកសួរសុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿង ឧបភោគបរិភោគ និងភេសជ្ជៈ ជូនដល់ជនរងគ្រោះទាំង៨នាក់ផងដែរ។

សូមជម្រាបថា នៅយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ មានមនុស្ស៥នាក់ ក្មេងប្រុស៤នាក់ និងស្ត្រីម្នាក់ ដែលអះអាងថា បានដើរឃ្វាលគោក្នុងចំការដំឡូង និងបានយកដែកកាយដីជម្រៅប្រមាណ១៥សង់ទីម៉ែត្រ ស្រាប់តែឃើញស្បោងខ្មៅ ក៏ឈួលចូលភ្នែក និងរមាស់លើរាងកាយ ពិបាកដកដង្ហើម។

មន្ត្រីជំនាញក៏បញ្ជូនជនរងគ្រោះទាំង៥នាក់ នៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែ១ម៉ោងក្រោយមក មានជនរងគ្រោះ៣នាក់ផ្សេងទៀត មានអាការៈដូចគ្នានេះដែរ បានមកសុំឲ្យមន្ត្រីជំនាញជួយ ហើយមន្ត្រីត្រូវបានបញ្ជូនពួកគេទៅមន្ទីរពេទ្យផងដែរ។ សុរបជនរងគ្រោះទាំងអស់កើនឡើងដល់៨នាក់៕