(ភ្នំពេញ)៖ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងមិនភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគោរពលក្ខខណ្ឌការងារ ទៅនឹងភាពតានតឹងផ្នែកផ្សេង ទៀតឡើយ ហើយសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងបន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជា និងបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា នេះជាការលើកឡើងរបស់លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតទាំងពីរខាងលើនេះ ធ្វើឡើងនារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ ខណៈដែលរដ្ឋមន្រ្តីក្រសួងការងារ លោក អ៉ិត សំហេង បានទទួលជួបលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា ព្រមគ្នាតែម្តង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា៖ នៅក្នុងការជួបពិភាក្សានេះ ឯកអគ្គរដ្ឋទូតទាំង២រូប បានសាទរដល់កម្ពុជា ដែលទើបសម្រេចបានប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៨ ចំនួន ១៧០ដុល្លារ ប្រកបដោយរលូន និងកុងសង់ស៊ីសគ្នា ពីគ្រប់ភាគីនាឆ្នាំនេះ។ លោកទាំង២ក៏បានលើកទឹកចិត្តឱ្យកម្ពុជា​បន្តប្រកាន់ភ្ជាប់នូវយន្តការត្រីភាគី ការសន្ទនាសង្គម ការគោរពលក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងការដោះស្រាយបញ្ហាទំនាក់ទំនងវិជ្ជាជីវៈ និងវិវាទការងារឱ្យបានលឿន និងមានតម្លាភាព។ លោកទាំងពីរបានបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប នឹងមិនភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគោរពលក្ខខណ្ឌការងារ ទៅនឹងភាពតានតឹងផ្នែកផ្សេងទៀតឡើយ។ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងបន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជា និងបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា។

ជាការឆ្លើយតប លោក អ៉ិត សំហេង ក៏បានថ្លែងអំណរគុណដល់ប្រទេសទាំង២ ដែលបានរួមចំណែកក្នុងការលើក​កម្ពស់លក្ខខណ្ឌការងារនៅកម្ពុជា ព្រមទាំងធានាថាកម្ពុជានឹងបន្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ដោយបន្ ​សហការជាមួយគម្រោងរោងចក្រកាន់តែប្រសើរ របស់អង្គការអន្តរជាតិខាងការងារ (ILO-BFC) អង្គការ GIZ និងអង្គការអន្តរជាតិ​ផ្សេងទៀតដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់កម្ពុជា៕