(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានអញ្ជើញចូលរួមអបអរសាទរព្រះរាជពិធីឡើងគ្រងរាជសម្បត្តិគម្រប់ ៥០ឆ្នាំរបស់ ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជា ទៅចូលរួមព្រះរាជពិធីឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រប្រ៊ុយណេ កាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ។ នៅក្នុងព្រះរាជពិធីឡើងគ្រងរាជសម្បត្តិដែលធ្វើឡើងនៅរាត្រីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ និងបណ្តាថ្នាក់ដឹកនាំជាច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចថា ការអញ្ជើញចូលរួមរបស់សម្តេចតេជោ នៅក្នុងពិធីខួប៥០ឆ្នាំនេះ គឺបានពង្រឹងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំប្រទេសប្រ៊ុយណេកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា ព្រះរាជពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃការយាងឡើងគ្រងរាជសម្បត្តិរបស់ព្រះចៅ ស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ (Sultan Haji Hassanal Bolkiah) ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេដារូសាឡាម បានប្រារព្វព្រះរាជពិធីយ៉ាងមហោឡារិកអធឹកអធមបំផុត នៅព្រះបរមរាជវាំង Istana Nurul Iman ដ៏ស្កឹមស្កៃបំផុត ក្នុងទីក្រុងបាន់ដាស៊េរីបេហ្កាវ៉ាន់ កាលពីវេលាម៉ោង២១ រាត្រីថ្ងៃទី៦តុលា។

ព្រះមហាក្សត្រ រួមទាំងមេដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ពិភពលោកចំនួន ២២រូប មកពីប្រទេស១៤ បានយាង និងអញ្ជើញចូលរួម ក្នុងព្រះរាជពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃការយាងឡើងគ្រងរាជសម្បត្តិ របស់ព្រះចៅ ស៊ុលតង់ ក្រោមព្រះវត្តមាននៃការធ្វើ គារវកិច្ចយ៉ាងកក់ក្តៅបំផុត ពីព្រះចៅ ស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ (Sultan Haji Hassanal Bolkiah) ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេដារូសាឡាម និងអគ្គមហេសីព្រះនាម Duli Raja Isteri Pengiran Anak Hajah Saleha។ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ប្រសូត្រនៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ១៩៤៦ នៅទីក្រុងប្រ៊ុយណេ បច្ចុប្បន្នទីក្រុងបាន់ដាស៊េរីបេហ្កាវ៉ាន់។

ព្រះអង្គគឺជាបុត្រច្បងគេរបស់សន្តតិវង្ស Sir Muda Omar Ali Saifuddien III។ ព្រះអង្គបានអភិសេកចំនួន៣ដង និងមានបុត្រចំនួន១២អង្គ និងចៅចំនួន១០ គិតក្នុងឆ្នាំ២០១២ ក្នុងនោះព្រះអង្គបានអភិសេកជាមួយនិងភរិយាទី១ គឺអ្នកម្នាង Pengiran Anak Hajah Saleha ដែលជាម្អូនជីដូនមួយរបស់ ព្រះអង្គនៅឆ្នាំ១៩៦៥ ភរិយាទី២នៅឆ្នាំ១៩៨១ និងភរិយាទី៣នៅឆ្នាំ២០០៣ តែត្រូវបានលែងលះ។ បច្ចុប្បន្នព្រះអង្គម្ចាស់ Pengiran Anak Hajah Saleha ត្រូវបានក្លាយជាអគ្គមហេសី។

ព្រះករុណាស៊ុលតង់ ហាជី ហាសិនណល់ ទ្រង់បានឡើងគ្រងរាជសម្បត្តិ ជាព្រះចៅស៊ុលតង់ នៃប្រទេសប្រ៊ុយណេ នៅឆ្នាំ១៩៦៧ ក្រោយពីព្រះបិតារបស់ ព្រះអង្គបានដាក់រាជ។ ព្រះរាជពិធីបរមរាជាភិសេករបស់ព្រះអង្គ បានប្រារព្វធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ១៩៦៨។ ព្រះករុណាស៊ុលតង់ ព្រះអង្គជាព្រះប្រមុខរដ្ឋ ក្នុងនាមជាស៊ុលតង់ផង និងជាប្រមុខរដ្ឋាភិបាល ក្នុងនាមជានាយករដ្ឋមន្រ្តីផង បន្ថែមលើនោះព្រះករុណាព្រះចៅស៊ុលតង់ ព្រះអង្គកាន់តំណែងជា រដ្ឋមន្រ្តីការពារជាតិ រដ្ឋមន្រ្តីហិរញ្ញវត្ថុ រដ្ឋមន្រ្តីការបរទេស និងជាមេបញ្ជាការកំពូលនៃកងទ័ពជាតិ ប្រមុខសាសនាឥស្លាម ប្រមុខស្ថាប័នគយ និងជាអគ្គាធិការ នៃអគ្គាធិការដ្ឋានកងកម្លាំងនគរបាលជាតិប្រ៊ុយណេផងដែរ។

ដូចព្រះបិតារបស់ទ្រង់ដែរ ព្រះអង្គត្រូវបានផ្តល់ឋានះអស្សឬទ្ធិ ដោយព្រះមហាក្សត្រីយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស ដែលប្រ៊ុយណេ ជារដ្ឋក្នុងអាណាព្យាបាលរហូតដល់ឆ្នាំ១៩៨៤។ ដោយពេរពេញទៅដោយប្រេង និងឧស្ម័នធម្មជាតិ ប្រ៊ុយណេគឺជាប្រទេសមានជាងគេបង្អស់ទី៥ របស់ពិភពលោក ក្នុងឆ្នាំ២០១៦ ដោយមានផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៧៩ពាន់៧១០ដុល្លា ហើយជាប្រទេសមានកម្រិតជីវភាពខ្ពស់ ជាងគេបង្អស់មួយរបស់ ពិភពលោក។ លើសពីនេះគ្រូសាររាជវង្សប្រ៊ុណេ គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារមានសម្បត្តិស្តុកស្តម្ភជាងគេបង្អស់ នៅក្នុងពិភពលោក ដោយព្រះចៅស៊ុលតង់ប្រហែលមានទ្រព្យរហូតដល់ប្រមាណ ២០ប៊ីលានដុល្លាអាមេរិក។

សូមបញ្ជាក់ដែរថា នេះគឺជាលើកទី២ ដែលប្រទេសប្រ៊ុណេដារូសាឡាម ក្រោមព្រះរាជបូជកិច្ចរបស់ព្រះករុណាព្រះចៅស៊ុលតង់ បានប្រារព្វរៀបចំខួបអនុស្សាវរីយ៍ នៃកាសរឡើងគ្រងរាជសម្បត្តិរបស់ព្រះអង្គ។ ខួបអនុស្សា វរីយ៍លើកទី៥០ឆ្នាំនេះ ត្រូវបានប្រសិទ្ធនាមថា Golden Jubilee ដែលកាលពីការប្រារព្វលើកទី១ ប្រសិទ្ធនាមថា Sil ver Jubilee ដែលប្រារព្វរៀបចំឡើងសម្រាប់ខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះចៅ ស៊ុលតង់ កាលពីថ្ងៃទី១ ខែតុលាឆ្នាំ១៩៩២។

ព្រះចៅស៊ុលតង់ ត្រូវបានប្រកាសទទួលស្គាល់ថាជារជ្ជទាយាទនៅ ព្រះជន្ម១៥ព្រះវស្សា និងបានឡើងគ្រងរាជសម្បត្តិក្នុងជន្មាយុ២១ព្រះវស្សា បន្ទាប់ពីព្រះបិតារបស់ព្រះអង្គបានដាក់ រាជ នៅថ្ងៃទី៤ ខែតុលាឆ្នាំ១៩៦៧។ ព្រះរាជពិធីប្រកាសរៀបអភិសេកព្រះអង្គជាស្តេចទី២៩ ផ្លូវការរបស់ប្រ៊ុយណេ បានប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី១ ខែសីហាឆ្នាំ១៩៦៨។

បច្ចុប្បន្នព្រះអង្គមានព្រះជន្មាយុ៧១ព្រះវស្សា និងជាស្តេចដែល សោយរាជ្យបានយូរជាងគេបំផុត នៅក្នុងពិភពលោក បន្ទាប់ពីព្រះមហាក្សត្រី Elizabeth ទី២ នៃចក្រភពអង់គ្លេស ដែលកំពុងសាយរាជ្យបាន៦៦ព្រះវស្សា។

គោលបំណងនៃការប្រារព្វព្រះរាជពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៥០ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណាស៊ុលតង់ គឺទី១ ផ្សព្វផ្សាយនូវអារម្មណ៍ពេញចិត្ត និងសេចក្តីរីករាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលព្រះចៅស៊ុលតង់បានផ្សារភ្ជាប់ទៅនិងប្រទេសប្រ៊ុយ ណេ នៅក្នុងអតីតកាល ទី២សម្តែងនូវការដឹងគុណ និងបួងសួង សុំឲ្យមហិទ្ធិឬទ្ធិព្រះអាឡា ជួយតាមថែរក្សាប្រទេស ប្រ៊ុយណេ នៅក្នុងឱកាសដ៏សំខាន់បំផុតនេះ និងទី៣ ផ្តល់ជាកិត្តិយសតាមរយះពិធីនេះ នូវកការពេញចិត្តជូនទៅដល់ អ្នកចូលរួមទាំងអស់ ដែលជាពលរដ្ឋប្រ៊ុយណេ និងភ្ញៀវកិត្តិយសដែលស្នាក់ នៅអាស្រ័យនៅក្នុងប្រទេសប្រ៊ុយណេ។

បន្ថែមពីនេះ គោលបំណងនៃការប្រារព្វពិធីនេះ គឺជំរុញឲ្យមានការយោគយល់គ្នាកាន់តែស៊ីជំរៅចំពោះឋានះ នៃស្ថា ប័នព្រះមហាក្សត្រ និងមាគ៌ានៃជីវិត ដែលស្ថិតក្រោមការគ្រងរាជសម្បត្តិរបស់ព្រះចៅស៊ុលតង់។

ប្រ៊ុយណេ គឺជារដ្ឋចំណាស់មួយ ប៉ុន្តែទើបតែទទួលបានឯករាជ្យពីចក្រភពអង់គ្លេស នៅឆ្នាំ២៩៨៤ ក្រោយពីស្ថិតនៅក្រោមអាណានិគមនិយមអង្គគ្លេស អស់រយះពេល៩៥ឆ្នាំ។ ប្រ៊ុយណេត្រូវបានចាត់ទុកថាជាប្រទេសមួយ ដែលមានស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ក្នុងតំបន់ អាចបញ្ចៀសខ្លួនពីបញ្ហាជម្លោះ និងភាពវឹកវរធ្ងន់ធ្ងរទាំងក្នុងប្រ ទេស និងជាមួយប្រទេសជិតខាង ក្នុងរយះពេលជាង៥០ឆ្នាំមកហើយ ដែលនាំឲ្យគេចាត់ទុកថាជា ទីស្ថាននៃសន្តិភាព (Abode of Peace)។ ប្រទេសប្រ៊ុយណេ មានផ្ទៃក្រឡាទំហំ ៥ពាន់៧៦៥គីឡូម៉ែត្រក្រឡា និងមានប្រជាជនរស់នៅជាង៤សែន៣ម៉ឺននាក់ ក្នុងនោះប្រជាជនកាន់សាសនាម៉ូស្លីម ៧៨,៨% គ្រឹះ៨,៧% ព្រះពុទ្ធ ៧,៨% និងសាសនាផ្សេងៗទៀត ៤,៧%។ ភាសាផ្លូវការ ម៉ាឡេអង្គគ្លេស និងចិន៕