(សៀមរាប)៖ ក្រសួងទេសចរណ៍ បានបើកសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយទេសចរណ៍ និងការទាក់ទាញទេសចរជប៉ុនមកទស្សនាកម្ពុជា នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ Empress Angkor ក្រុងសៀមរាប ដែលស្ថិតក្នុងអធិបតិភាពរបស់លោក ថោង ខុន រដ្ឋមន្ត្រី និងមានវត្តមានរៀបចំពីខាង មជ្ឈមណ្ឌលអាស៊ាន­ជប៉ុន (ASEAN-Japan Centre) និងការចូលរួមពីប្រតិបត្តិករទេសចរណ៍ រួមនិងមគ្គុទ្ទេសក៍ទេសចរនិយាយាភាសាជប៉ុន និងដៃគូរនានា សរុបប្រមាណ២០០នាក់។

នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានលើកឡើងថា៖ កិច្ចសហការរបស់មជ្ឈមណ្ឌលអាស៊ាន­ជប៉ុន ពិតជាបាននាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ច សង្គម ការយល់ដឹងអំពីតម្លៃវប្បធម៌ប្រកបដោយពិពិធភាព និងប្រយោជន៍ប្រហាក់ប្រហែលគ្នាយ៉ាងប្រត្យ័ក្ស ក្នុងការរួមចំណែកដ៏មានតម្លៃដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍កម្ពុជា។ ហើយសិក្ខាសាលានេះមិនគ្រាន់តែជាការផ្ដល់ឱកាសដល់សិក្ខាកាមឲ្យយល់ អំពីភាសា ប្រវត្តិសាស្ត្រ វប្បធម៌ របៀបនៃការរស់នៅប្រពៃណី ចរិកលក្ខណៈ និន្នាការនៃកំណើនទេសចរជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែនិងទទួលបាននូវបទពិសោធន៍ល្អៗអំពីករណីសិក្សា និងអំពីតម្រូវការជាក់ស្ដែងរបស់ទីផ្សារទេសចរណ៍ជប៉ុន ការបង្កើតយុទ្ធសាស្ត្រយ៉ាងមានប្រសិទ្ធិភាពក្នុងការអនុវត្តជាក់ស្ដែង ព្រមទាំងធានាបាននូវគុណភាពសេវាសម្រាប់ភ្ញៀវទេសចរ។

លោករដ្ឋមន្ត្រីក៏បានរំលឹកថា៖ កម្ពុជា និងជប៉ុនមានចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ។ ប្រជាជននិងប្រទេសយើងទាំងពីរ មានទំនាក់ទំនង និងគ្នាជាយូរលង់មកហើយ ។ ទំនាក់ទំនងដ៏ល្អនេះ បានរួមចំណែកធ្វើឲ្យមានកំណើនភ្ញៀវទេសចរជប៉ុន មកទស្សនាកម្ពុជា បានចំនួន ១៩១,៥៧៧នាក់ កាលពីឆ្នាំ២០១៦កន្លងទៅ ឈរលើលំដាប់លេខរៀងទី៧ផងដែរ។

លោកបានបន្ថែមឲ្យដឹងថា៖ ក្នុងបរិបទកម្ពុជា ការរីកចម្រើននៃវិស័យទេសចរណ៍ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីសារៈសំខាន់នៃកត្តាសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ និងជាមួលដ្ឋានសម្រាប់ធានាចិរភាព នៃកំណើនវិស័យទេសចរណ៍។ ជាក់ស្ដែង នៅឆ្នាំ២០១៦ យើងសម្រេចបានកំណើនក្នុងអត្រា ៥% ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិជាង ៥លាននាក់ និងនាំចំណូលប្រមាណ ៣៤០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ ។

ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៣.៥៣៦.៥៣០នាក់ កើនឡើង ១១,៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរណ៍អន្តរជាតិប្រមាណ ៥,៤លាននាក់នៅឆ្នាំ២០១៧ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០១០ និងនាំចំនូវណូលសរុបប្រមាណ ៥ពាន់លានដុល្លារអាមេរិក ហើយបង្កើននូវឱកាស់ការងារបានប្រមាណ ១លាននាក់ ផងដែរ ។

ហើយបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ចេញផ្សាយឆ្នាំ២០១៦ បានបង្ហាញថា កម្ពុជា បង្កើតបានការងារដោយផ្ទាល់ និងប្រយោលប្រមាណ ២,៣លាននាក់ ពីឧស្សាហកម្មធ្វើរដំណើរ និងទេសចរណ៍ ដោយឡែកការងារដោយផ្ទាល់ពីឧស្សាហកម្មទាំងពីរនេះប្រមាណ ១,២លាននាក់ ស្មើនឹង ១៤% នៃការងារសរុប និងបង្កើតឱកាសការងារក្នុងឧស្សាហកម្មទេសចរណ៍ ដោយផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ ៕