(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធានគណៈកម្មាធិការគណៈបក្សក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញប្រកាសបង្កើតគណៈកម្មាធិការសាខាបក្ស២៥ និងគណៈកម្មាធិការគណបក្សមូលដ្ឋាន នៃគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងពិធីដែលបានធ្វើនៅទីស្នាក់ការកណ្ដាលនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក៏មានការចូលរួមពីសមាជិកសមាជិកា​បក្សប្រមាណ២០០នាក់ ផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការអបអរសាទរ ដល់ការប្រកាសបង្កើតគណៈកម្មាធិការគណៈបក្សមូលដ្ឋានចំនួនប្រាំពីរ ដែលមានតួនាទី និងភារកិច្ច តាមដានសភាពការណ៍នយោបាយ ពង្រឹង និងពង្រីកសមាជិកសមាជិកាបក្សឲ្យបានច្រើនថែមទៀត ដើម្បីឈានទៅកាន់ភាពជោគជ័យ នៃការបោះឆ្នោតឆ្នាំ២០១៨ នាពេលខាងមុខ។  

លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យសមាជិកសមាជិកាទាំងអស់ត្រូវខិតខំប្រឹងប្រែងធ្វើអំពើល្អ  ចុះមូលដ្ឋានឲ្យបានទៀងទាត់ដើម្បី​ពន្យល់អំពីស្ថានការណ៍នយោបាយបច្ចុប្បន្នឲ្យប្រជាពលរដ្ឋតាមមូលដ្ឋានបានយល់ច្បាស់ ពន្យល់អំពីសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេច​បានក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសត្រូវធ្វើកិច្ចការឲ្យបានល្អ និងរួបរួមគ្នាជាមហាគ្រួសាររបស់ក្រសួងសាធារណ និងដឹកជញ្ជូន។

ជាមួយគ្នានេះផងដែរ លោក ស៊ុន ចាន់ថុល ក៏បានស្នើឲ្យសមាជិកសមាជិកា នៃគណៈកម្មាធិការគណបក្សមូលដ្ឋានចំនួនប្រាំពីរ ដែលទើបត្រូវបានបង្កើតថ្មី ឲ្យចុះធ្វើសកម្មភាពពង្រឹងនៅតាមមូលដ្ឋាន បង្កើតនូវភាពស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋ ជាពិសេសត្រូវបណ្តុះឆន្ទះរបស់ពួកគាត់ត្រូវជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងជួយសម្របសម្រួលពួក​គាត់ឲ្យទទួលបានសិទ្ធិក្នុងការបោះឆ្នោត ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងន័យមួយបង្ហាញថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់គណបក្សប្រជាជនកម្ពុជា៕