(ភ្នំពេញ)៖ លោកឧកញ៉ា តុង ហុកសេង ត្រូវបានគេស្គាល់ថា ជាម្ចាស់ដី និងជាម្ចាស់ការដ្ឋានដែលកំពុងបុកគ្រឹះសាងសង់សំណង់យ៉ាងធំមួយកន្លែង បែរជាគ្មានលិខិតអនុញ្ញាតត្រឹមត្រូវទៅវិញ ហាក់បីដូចជាលួចសាងសង់ ប៉ុន្តែជាលទ្ធផលត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ ក្រោមការណែនាំពីអភិបាលខណ្ឌ លោក ជា ពិសី និងមានការបញ្ជាផ្ទាល់ពីអភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ ចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យភ្លាមៗ ហើយឈានដល់ផ្អាកការសាងសង់ជាបណ្ដោះអាសន្នតែម្ដង។
មន្ត្រីសាលាខណ្ឌឫស្សីកែវបានបង្ហើបឲ្យដឹងថា ការចុះត្រួតពិនិត្យ ហើយឈានដល់ការផ្អាកសាងសង់ទៅលើសំណង់ ដែលកំពុងបុកគ្រឹះយ៉ាងធំរបស់លោកឧកញ៉ា តុង ហុកសេង ដែលគ្មានលិខិតអនុញ្ញាតខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដោយមានការដឹកនាំពីប្រធានក្រុមសំណង់ទី១ លោក ទ្រី គាងហុង ប្រធានក្រុមសំណង់ទី២ លោក ជា រតនា អនុប្រធានក្រុមការងារ លោក ចៅ ឡាស្កាន និងលោក ចែម សុវណ្ណនេត។
មន្ត្រីសាលាខណ្ឌឫស្សីកែវបានបង្ហើបឲ្យដឹងទៀតថា ការហាមឃាត់ជាបណ្ដោះអាសន្នចំពោះការសាងសង់សំណង់បុកគ្រឹះយ៉ាងធំនេះដែរ គឺដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពទៅតាមអនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីលិខិតអនុញ្ញាតសាងសង់ និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រួមនិងបទដ្ឋានរបស់ស្ថាប័នជំនាញរៀបចំដែនដីនគរូបនីយកម្ម និងសំណង់របស់លោក-លោកស្រីជាម្ចាស់សំណង់ ឬជាងសំណង់ ត្រូវផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ហើយបំពេញបែបបទស្នើសុំលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ហើយរងចាំរហូតទទួលបានលិខិតអនុញ្ញាត និងលិខិតបើកការដ្ឋាន ទើបអាចបន្តការសាងសង់តទៅទៀតបាន។
មន្ត្រីដដែលបានបញ្ជាក់ថា បើក្នុងករណីម្ចាស់សំណង់ ឬជាងសំណង់នៅតែបន្តការសាងសង់ទាំងមិនមានលិខិតអនុញាត នោះរដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាលឃាត់យកសម្ភារៈ ឧបករណ៍សំណង់មករក្សាទុកជាបណ្ដោះអាសន្ន ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់អ្វីឡើយ និងរាល់ហានិភ័យដែលកើតឡើងដោយគ្រោះថ្នាក់ពលកម្ម ការបាក់ស្រុត ដួលរលំសំណង់ អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នោះលោក-លោកស្រី ជាម្ចាស់សំណង់ ឬជាងសំណង់ ដាច់ខាតទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន៕