(ស្វាយរៀង)៖ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានថ្លែងឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី៦​ ខែតុលា ឆ្នាំ២០១៧នេះ​ មន្រ្តីជំនាញទាំងអស់ បានដោះស្រាយបញ្ចប់ចំពោះគ្រាប់បែកគីមីរបស់អាមេរិក មួយទីតាំងហើយ ខណៈគ្រាប់បែកដែលកប់ក្នុងដីនៅ៥ទីតាំងផ្សេងទៀត មានចំងាយពី៤ទៅ៥គីឡូម៉ែត្រ ពីទីតាំងចាស់នឹងបន្តដោះស្រាយបន្តបន្ទាប់ទៀត។

លោក ហេង រតនា បានថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News យ៉ាងដូច្នេះថា «នៅថ្ងៃទី០៦​ ខែតុលា​ ឆ្នាំ២០១៧នេះ​ មុខជ្រួញទីមួយនៃវត្តគីគីរ​ ឃុំគគីរ​ បីសាច​ចំហាយពិសញី​ ត្រូវបានចាប់ចង​ វេចខ្ចប់ និងបានបញ្ចប់ទាំងស្រុង​ ហើយជំរកបីសាចបានលាក់ខ្លួនប្រមាណ៥០ឆ្នាំនោះនឹងត្រូវលុបសំអាតជូនវត្តវិញ។ ទន្ទឹមនឹងនេះ ​ផ្អែកតាមព័ត៌មាន និងបានត្រួតពិនិត្យបានឃើញកន្លែងថ្មីចំនួន៥ ទីតាំងទៀត​ដែលមានចុះងាយប្រមាណ៤-៥គីឡូម៉ែត្រ ពីវត្តគគីរ ​ហើយទីតាំងមួយក្នុងចំណោម៥ទីតាំងនោះ បានបង្កររងគ្រោះដល់ប្រជាពលរដ្ចចំនួនជាង១០នាក់ ក្នុងនោះមាន៨នាក់ចូលទេព្យ។​ គ្រោះថ្នាក់នេះកើតឡើងកាលពីថ្ងៃទី០៥ ម្សិលមិញ​ នៅពេលពួកគាត់ជីកកកាយបំណងយកដែក»

ថ្លែងមកកាន់បណ្តាញសារព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមី និងជាអ្នកនំាំពាក្យក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី របស់សហរដ្ឋអាមេរិក នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានបញ្ជាក់ថា ប្រតិបត្តិការដោះគ្រាប់គីមីនៅទីនោះ មន្ត្រីជំនាញស៊ីម៉ាក់ និងអាជ្ញាធរគីមី នឹងត្រូវចំណាយពេលយូរថ្ងៃទៀត ក៏ព្រោះតែមានប្រជាពលរដ្ឋជាច្រើន បានរាយការណ៍ អំពីវត្តមានគ្រាប់បែកគីមីជាច្រើនកន្លែងថែមទៀត នៅក្នុងភូមិឋានរបស់ពួកគាត់ ។

ថ្លែងប្រាប់ក្រុមការងារយកព័ត៌មានរបស់បណ្តាញសារព័ត៌មាន Fresh News ដែលបានចុះទៅយកព័ត៌មានផ្ទាល់ នៅទីតាំងដោះគ្រាប់បែក ស្ថិតនៅវត្តគគីរ និងសាលាបឋមសិក្សាគគីរ ទីដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ពីគ្រាប់បែកគីមីរបស់អាមេរិកនោះ លោកឧត្តមសេនីយ៍ឯក កេ ដា មិនអាចបញ្ជាក់ពីចំនួនថ្ងៃ ដែលប្រតិបត្តិការដោះគ្រាប់បែក ត្រូវបញ្ចប់នោះឡើយ ក៏ព្រោះតែមានករណីគ្រាប់បែកគីមីជាច្រើនទីតាំងទៀត ត្រូវបានប្រជាពលរដ្ឋរាយការណ៍ ដែលតម្រូវឲ្យមន្ត្រីជំនាញចាំបាច់ ត្រូវតែបំពេញការងារឲ្យខាងតែបាន ដើម្បីសេចក្តីសុខ និងសុវត្ថិភាពទំាងផ្លូវកាយ ទំាងផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។

សេចក្តីរាយការណ៍ពីក្រុមការងារព័ត៌មាន របស់បណ្តាញអង្គភាព Fresh News ដែលបានចុះទៅយកព័ត៌មានផ្ទាល់ នៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង ទីដែលជនរងគ្រោះ ដោយសារគ្រាប់គីមី ចំនួន៨នាក់ កំពុងសម្រាកព្យាបាលជំងឺនោះ បានបញ្ជាក់ឲ្យដឹងថា នៅពេលនេះស្ថានភាពសុខភាព របស់ជនរងគ្រោះទាំង៨នាក់ បានធូរស្បើយច្រើនហើយ ប៉ុន្តែមិនទាន់ចេញពីមន្ទីរពេទ្យនៅឡើយទេ។

ក្នុងពេលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនោះ គឺឃើញអភិបាល និងអភិបាលរងខេត្ត បានចុះមកសួរសុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ជូនដល់ជនរងគ្រោះទាំង៨នាក់ផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ជនរងគ្រោះទាំង៨នាក់ កំពុងទទួលការព្យាបាលពី ក្រុមគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់ ដោយពួកគាត់មានសភាពធូរស្រាលហើយ ដោយអ្នកខ្លះសុំចេញទៅផ្ទះវិញ ប៉ុន្តែគ្រូពេទ្យមិនទាន់អនុញ្ញាត ព្រោះត្រូវការតាមដានស្ថានភាពជំងឺសិន។

សូមជម្រាបថា នៅយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ មានមនុស្ស៥នាក់ ក្មេងប្រុស៤នាក់ និងស្ត្រីម្នាក់ ដែលអះអាងថា បានដើរឃ្វាលគោក្នុងចំការដំឡូង និងបានយកដែកកាយដីជម្រៅប្រមាណ១៥សង់ទីម៉ែត្រ ស្រាប់តែឃើញស្បោងខ្មៅ ក៏ឈួលចូលភ្នែក និងរមាស់លើរាងកាយ ពិបាកដកដង្ហើម។ មន្ត្រីជំនាញក៏បញ្ជូនជនរងគ្រោះទាំង៥នាក់ នៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែ១ម៉ោងក្រោយមក មានជនរងគ្រោះ៣នាក់ផ្សេងទៀត មានអាការៈដូចគ្នានេះដែរ បានមកសុំឲ្យមន្ត្រីជំនាញជួយ ហើយមន្ត្រីត្រូវបានបញ្ជូនពួកគេទៅមន្ទីរពេទ្យផងដែរ។ សុរបជនរងគ្រោះទាំងអស់កើនឡើងដល់៨នាក់៕