(ភ្នំពេញ)៖ ព្រឹត្តិការណ៍តាំងពិព័រណ៍ អចលនទ្រព្យកម្ពុជាលើកទី២ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០១៧ នឹងត្រូវបើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែតុលានេះ នាសណ្ឋាគារណាហ្គាវើល ភ្នំពេញ។

ការតាំងពិព័រណ៍នេះ គឺជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ដែលចង់ស្វែងយល់ អំពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យកម្ពុជា។

កម្មវិធីតាំងពិព័រណ៍លើកទី១ កាលពីខែឧសភា ឆ្នាំ២០១៧ បានទាក់ទាញភ្ញៀវជាង៣,០០០នាក់ មកពីគ្រប់ទិសទី ហើយទទួលបាន លទ្ធផលជាវិជ្ជមាន ដោយមានការលក់អចលនទ្រព្យគិតជាទឹកប្រាក់ ប្រមាណ៣លានដុល្លារ ក្នុងរយៈពេលពីរថ្ងៃ។ ភាពជោគជ័យនេះ បង្កើតឱ្យមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ហើយដូចនេះម្ចាស់គម្រោង អភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យនឹង បង្ហាញគម្រោងអភិវឌ្ឍន៍របស់ខ្លួនម្តងទៀត នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរ នៅក្នុងឆ្នាំនេះដដែល។

កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់វិនិយោគគិនអចលនទ្រព្យអន្តរជាតិ ពីទូទាំងតំបន់អាស៊ាន ប្រទេសចិន និងពិភពលោក។ បើធៀបទៅនឹងប្រទេសជិតខាងនៅក្នុងតំបន់ ប្រទេសកម្ពុជាបានផ្តល់ជូននូវកម្មសិទ្ធិ ស្របច្បាប់សម្រាប់ជនបរទេស និងមានកំណើននៃការវិនិយោគយ៉ាងខ្លាំងក្លា។

ខណៈពេលដែលអ្នករស់នៅក្នុងប្រទេសកម្ពុជា ដឹងយ៉ាងច្បាស់អំពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែល បានកើតឡើងទាក់ទងនឹងវិស័យអចលនទ្រព្យ វិស័យសំណង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមទីក្រុងធំៗដូចជានៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប អន្តរជាតិមានការយល់ដឹងតិចតួច អំពីគុណភាពនៃអចលនទ្រព្យ ដែលមាននៅក្នុងប្រទេសកម្ពុជានាពេលពេលបច្ចុប្បន្ន និងសក្តានុពលនៃការវិនិយោគសម្រាប់អ្នក ដែលទិញអចលនទ្រព្យនៅទីនេះ។

ក្រុមហ៊ុន Realestate.com.kh រៀបចំព្រឹត្តិការណ៍ដ៏ធំបំផុតមួយពុំធ្លាប់មានពីមុននៅកម្ពុជា គឺការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជា ក្នុងគោលបំណងជួយសម្រួលដល់
កំណើននៃតម្រូវការអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ។

ការតាំងពិព័រណ៍រយៈពេល២ថ្ងៃ ដែលមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាង៣០ ចួលរួមដាក់បង្ហាញ។ «ការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជា» ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនអចលនទ្រព្យ SEAPS Cambodia ការិយាល័យមេធាវី Harvey Law Group (HLG) និងក្រុមហ៊ុន VDB Loi ដែលបានជួយជម្រុញឲ្យពិព័រណ៍នេះដំណើរការទៅបាន និងជម្រុញដល់វិស័យអចលនទ្រព្យនៅកម្ពុជា ឆ្ពោះដំណើរទៅមុខជានិច្ច។

លោក Tom O’Sullivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh បានលើកឡើងថា «គោលបំណងនៃការបង្កើតព្រឹត្តិការណ៍ ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២នេះឡើង គឺដើម្បីបង្ហាញ សក្តានុពលទីផ្សារអចលនទ្រព្យកម្ពុជាទៅកាន់ពិភពលោក។ ពួកយើងបាននាំមកជូននូវគម្រោងអភិវឌ្ឍន៍ថ្មីៗ ប្រកបដោយស្តង់ដារគុណភាពខ្ពស់ និងអាជីវកម្មផ្សេងៗ ដែលមានឥទ្ធិពល និងបានដើរ តួសំខាន់នៅក្នុងទីផ្សារ»។

អំឡុងពេលនៃការតាំងពិព័រណ៍នេះ អ្នកចួលរួមក៏អាចនឹងបានស្វែងយល់ពីសិក្ខាសាលាទាក់ទងនឹងប្រធានបទនានា ដែលនឹងជួយដល់អ្នកទិញ និងវិនិយោគិនឲ្យបានយល់ដឹងពីទីផ្សារ អចលនទ្រព្យកម្ពុជា និងដើម្បី ជួយដល់ពួកគេសម្រេចចិត្ត បានកាន់តែប្រសើរនៅពេលដែលពួកគេចង់ធ្វើការវិនិយោគ។

លោក O’Sullivan បានលើកឡើងទៀតថា «លើសពីនេះទៀត ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជានេះ នឹងនាំអ្នកវិនិយោគឲ្យកាន់តែមើលឃើញពីឱកាសវិនិយោគនៅកម្ពុជា។ នៅពេលដែលវិនិយោគិនមកពីក្នុងតំបន់ និងពិភពលោកមកដល់កម្ពុជា សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ពួកគេនឹងដឹងកាន់តែច្បាស់អំពីទិដ្ឋភាពផ្ទាល់ នៅក្នុងទីផ្សារសាងសង់ និងអចលនទ្រព្យនៅកម្ពុជា។ បន្ថែមពីនេះ ពួកគេនឹងយល់កាន់តែច្បាស់អំពីការប្រែប្រួលសេដ្ឋកិច្ចទាំងមូល នៅក្នុងប្រទេសកម្ពុជា។ ការតាំងពិព័រណ៍នេះ នឹងធ្វើឲ្យភ្ញៀវដែលបានចូលរួម កាន់តែមានទំនុកចិត្ត ក្នុងការវិនិយោគនៅក្នុងប្រទេសមួយនេះ»។

អ្នកអភិវឌ្ឍន៍ដែលចូលរួមដាក់បង្ហាញគម្រោងរបស់ពួកគេមានដូចជា៖ ក្រុមហ៊ុនគ្រីដគ្រុប អរគីដេវីឡា គម្រោងស៊ីធីផាក ក្រុមហ៊ុនអភិវឌ្ឍន៍ស្តារហ្វាយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ J&L ក្រុមហ៊ុនអចលនទ្រព្យព្រីនផ្លាហ្សា គម្រោងអភិវឌ្ឍន៍ប្លូប៊េ គម្រោងផាកវេ គម្រោងបាលីសីណារី គម្រោង Tai Yue គម្រោងវីគីរីរម្យ គម្រោងបុរី Boning Garden គម្រោងខុនដូ Penthouse Residences គម្រោងខុនដូស្កាយឡាញ គម្រោង The Elements Condo គម្រោង The Skyline គម្រោង East Commercial Center (ECC) គម្រោងខុនដូ Habitat គម្រោងខុនដូ D’’Seaview គម្រោងខុនដូ The Gateway គម្រោងអភិវឌ្ឍន៍ចម្រុះ CORE@PPSEZ គម្រោងខុនដូ D'Seaview ក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍ NC Maxworld Real Estate & Development, ក្រុមហ៊ុនវិនិយោគ Land Houses Investmentគម្រោងផាកលេនហ្គាដិន ក្រុមហ៊ុនអចលនទ្រព្យ South East Asia Property Services (SEAPS), ក្រុមហ៊ុន Capital Management Solutions, ក្រុមហ៊ុន Century 21 Global Alliance (Singapore) ក្រុមហ៊ុនអចលនទ្រព្យ R&F Properties ក្រុមហ៊ុន Yue Tai Group គម្រោង Aristo (Cyprus) គម្រោង Aspace ID (Thailand) ក្រុមហ៊ុន Siamese Surawong (Thailand); គម្រោង The Posh Twelve (Thailand) និងក្រុមហ៊ុន Found Group (Australia)។

សូមជម្រាបថា ការតាំងពិព័រណ៍ប្រព្រឹត្តទៅនៅថ្ងៃទី៦ និងទី៧ ខែតុលាឆ្នាំ ២០១៧ នៅសណ្ឋាគារណាហ្គាវើល ក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ ចាប់ផ្តើមពីម៉ោង១០ព្រឹក ដល់ម៉ោង៦ល្ងាច រយៈពេល២ថ្ងៃ (ថ្ងៃសុក្រ និងថ្ងៃសៅរិ៍)។ ចូលរួមដោយសេរីដោយមិនចាំបាច់មានសំបុត្រ និងចុះឈ្មោះ៕