(ស្វាយរៀង)៖ សេចក្តីរាយការណ៍ពីក្រុមការងារព័ត៌មាន របស់បណ្តាញអង្គភាព Fresh News ដែលបានចុះទៅយកព័ត៌មានផ្ទាល់ នៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង ទីដែលជនរងគ្រោះ ដោយសារគ្រាប់គីមី ចំនួន៨នាក់ កំពុងសម្រាកព្យាបាលជំងឺនោះ បានបញ្ជាក់ឲ្យដឹងថា នៅពេលនេះស្ថានភាពសុខភាព របស់ជនរងគ្រោះទាំង៨នាក់ បានធូរស្បើយច្រើនហើយ ប៉ុន្តែមិនទាន់ចេញពីមន្ទីរពេទ្យនៅឡើយទេ។

ក្នុងពេលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនោះ គឺឃើញអភិបាល និងអភិបាលរងខេត្ត បានចុះមកសួរសុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ជូនដល់ជនរងគ្រោះទាំង៨នាក់ផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ជនរងគ្រោះទាំង៨នាក់ កំពុងទទួលការព្យាបាលពី ក្រុមគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់ ដោយពួកគាត់មានសភាពធូរស្រាលហើយ ដោយអ្នកខ្លះសុំចេញទៅផ្ទះវិញ ប៉ុន្តែគ្រូពេទ្យមិនទាន់អនុញ្ញាត ព្រោះត្រូវការតាមដានស្ថានភាពជំងឺសិន។

សូមជម្រាបថា នៅយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ មានមនុស្ស៥នាក់ ក្មេងប្រុស៤នាក់ និងស្ត្រីម្នាក់ ដែលអះអាងថា បានដើរឃ្វាលគោក្នុងចំការដំឡូង និងបានយកដែកកាយដីជម្រៅប្រមាណ១៥សង់ទីម៉ែត្រ ស្រាប់តែឃើញស្បោងខ្មៅ ក៏ឈួលចូលភ្នែក និងរមាស់លើរាងកាយ ពិបាកដកដង្ហើម។ មន្ត្រីជំនាញក៏បញ្ជូនជនរងគ្រោះទាំង៥នាក់ នៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែ១ម៉ោងក្រោយមក មានជនរងគ្រោះ៣នាក់ផ្សេងទៀត មានអាការៈដូចគ្នានេះដែរ បានមកសុំឲ្យមន្ត្រីជំនាញជួយ ហើយមន្ត្រីត្រូវបានបញ្ជូនពួកគេទៅមន្ទីរពេទ្យផងដែរ។ សុរបជនរងគ្រោះទាំងអស់កើនឡើងដល់៨នាក់៕