(កំពង់ធំ)៖ រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាលជាមួយតំណាងកីឡាករអុំទូក ដែលមកពីបណ្តាក្រុងស្រុកទូទាំងខេត្តកំពង់ធំ ដើម្បីប្រកកួតប្រជែងជ័យលាភីថ្នាក់ខេត្ត ដោយនាំយកគ្រឿងបរិភោគ និងថវិកាមួយចំនួនទៅប្រគល់ជូនក្រុមកីឡាករអ៊ុទូក ចំនួន៤៦ទូក មុខចេញទៅប្រកួត។

ពីធីអុំទូកថ្នាក់ខេត្តនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ស្អែកនេះ ដោយមានទូកចូលរួមចំនួន៤៦ទូក ក្នុងនោះ ទូកវែង ចំនួន១០ទូកមួងបុរស ចំនួន២ទូកខ្នាតអន្តរជាតិ១៨ និងទូកផ្កាចា១៦ទូក ដែលមានចំនួនកីឡាករ១,៣៤១នាក់។

លោក សុខ លូ បានផ្តាំផ្ញើដល់លោកអភិបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ដល់ចំណុះទូករបស់ខ្លួន និងបានជំរុញឲ្យក្រុមកីឡាករទាំងអស់ ត្រូវទទួលទានអារហារ ឲ្យបានត្រឹមត្រូវហូបស្អាត ផឹកស្អាត ដោយរក្សានូវអនាម័យ គោរពវិន័យជាអ្នកកីឡាករ កុំសេពគ្រឿងស្រវឹង ស្តាប់តាមការណែនាំរបស់អ្នកដឹកនាំក្រុមត្រូវចេះថែរក្សាសុវត្តិភាពរបស់ខ្លួន មិនត្រូវបង្កជម្លោះជាមួយមិត្ត និងក្រុមកីឡាករដទៃនោះទេ ជាពិសេសមុនពេលប្រណាំងត្រូវស្លៀកពាក់អាវកីឡាករ ដែលអាជ្ញាធរបានចែកជូនម្យ៉ាងវិញទៀតត្រូវខិតខំយកជ័យ ឲ្យខានតែបាននៅពេលប្រណាំង ជាពិសេសត្រូវរក្សានូវគុណធម៌ សីលធម៌ រក្សាកំលាំង សុខភាព សាមគ្គីភាព រឿងឈ្នះចាញ់ជារឿងធម្មតា មិនមែនយកឈ្នះចាញ់ស្លាប់រស់នោះទេ។

ក្នុងនោះដែរ លោក អភិបាលខេត្ត បាននាំយកអំណោយចែកជូនដល់កីឡាករអុំទូកដូចជា៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ សាច់ជ្រូក ដើម្បីត្រៀមទុកបម្រុងបរិភោគ សម្រាប់ការប្រកួតក្នុងពិធីប្រណាំងទូក និងបណ្ដែតប្រទីប និងអាវ មួក ព្រមទំាងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថាពិធីអ៊ុទូកនៅថ្ងៃទី១៖ នៅរាត្រីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ម៉ោង៧៖០០នាទី បណ្តែតប្រទីបតាមដងស្ទឹងសែន ត្រង់ចំណុចសួនកំពង់ក្របៅ និងបន្តដោយការបាញ់កាំជ្រួចអបអរសាទរនៅម៉ោង៧៖៣០នាទី, ទី២៖ នៅរាត្រីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៧៖៣០នាទី មានបាញ់កាំជ្រួចអបអរសាទរពិធីបិទបុណ្យអុំទូក៕