(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ បានក្រើនរំលឹកដល់គ្រប់បណ្តា គណៈបញ្ជាការឯកភាពស្រុក ក្រុង និងមន្ទីរ អង្គភាពជុំវិញខេត្ត បើវាយតម្លៃទៅលើអ្វីមួយ ត្រូវប្រើប្រាស់ភ្នែក ឲ្យបានច្រើនជាងប្រើត្រចៀក ទើបធ្វើមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋយើងរស់នៅ បានសុខស្រួល គ្មានការភ័យខ្លាចហើយបើមានបញ្ហាប្រឈម អ្វីមួយដោះមិនចេញនោះត្រូវរួមគ្នាគិត និងរួមគ្នាដោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌។

លោក ម៉ៅ ធនិន បានថ្លែងបែបនេះ នៅសាលប្រជុំសាលាខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីគណៈបញ្ជាការឯកភាពស្រុក ក្រុង មន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។

លោក ម៉ៅ ធនិន បានបន្តថា យើងជាមេមានតួនាទីសំខាន់ណាស់ ក្នុងការសម្របសម្រួល ដោះស្រាយនូវរាល់បញ្ហាប្រឈមនានា របស់មន្ត្រីក្រោមឱវាទ ក៏ដូចក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសទៅលើលិខិតស្នាមផ្សេង ដែលពួកគាត់មកពឹងពាក់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមិនត្រូវគៀបសង្កត់លើរូបគាត់ តាមរូបភាពណាមួយនោះឡើយ ដោយចាត់ទុកពួកគាត់ ដូចជាក្នុងគ្រួសារតែមួយ។ ជាង៣ឆ្នាំដែលលោកបានមកគ្រប់គ្រងរដ្ឋបាលខេត្តក្នុងនាមជាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត លោកតែងតែចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដល់គ្រប់ទីកន្លែង ដើម្បីចង់ដឹងពីសុខទុក្ខ បញ្ហាប្រឈមរួមគ្នាសម្របសម្រួល និងដោះស្រាយ ដោយគ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់។

លោក បានបន្តយ៉ាងដូច្នេះថា នេះដោយសារការប្រើប្រាស់ភ្នែក បានច្រើនជាងប្រើត្រចៀក ហើយបើត្រឹមតែលឺគេថា គេនិយាយមិនបានឃើញ ផ្ទាល់ទេនោះយើងនឹងធ្វើការវាយតម្លៃទៅពិតជាខុស បង្កឲ្យមានការថ្នាំងថ្នាក់ដល់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋយើងជាក់ជាមិនខាន។

លោកធអភិបាលខេត្ត បានបញ្ជាក់ថា អំណាច បុណ្យស័ក្កិ តួនាទី ភារកិច្ច រដ្ឋជាអ្នកផ្តល់ឲ្យទាំងនោះជារបស់ក្រៅខ្លួនក្នុងនាមប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកបានដាក់ចេញនូវផែនការសកម្មភាពសំខាន់ៗ មួយចំនួនសម្រាប់អនុវត្តបន្តដូចជារួមគ្នាដោះស្រាយ បញ្ហាប្រឈមដែលនៅសេសសល់ និងកើតមានថ្មីៗ ឲ្យបានចប់សព្វគ្រប់ និងឆាប់រហ័សបង្ការបង្ក្រាបបទល្មើស ព្រៃឈើ ជលផល ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងសកម្មជនដីធ្លី។ល។ ក្រៅពីនោះត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យកឋិនទាន អកអំបុក សំពះព្រះខែ បុណ្យប្រពៃណី និងពិធីបុណ្យជាតិ នៅតាមវត្តអារាម និងទីសាធារណៈផ្សេងៗទៀត ឲ្យបានល្អប្រសើរ៕

{IfMobile}

{ElseMobile}

{EndIfMobile}