(ភ្នំពេញ)៖ ជនសង្ស័យដែលកន្លងមកធ្លាប់បានធ្វើសកម្មភាព ប្រើកាំបិភ្ជង់យកម៉ូតូពីប្រជាពលរដ្ឋបានសម្រេចនោះចំនួន៣នាក់ ខណៈនេះត្រូវជាប់ខ្នោះរបស់កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយម៉ូតូ២គ្រឿង និងកាំបិតកែច្នៃ១ដើម ក៏ត្រូវបានដកហូត។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះថា ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ខាងលើនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចភ្លើងស្តុបជលផល លើផ្លូវព្រះនរោត្តម សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា ជនសង្ស័យត្រូវឃាត់ខ្លួនរួមមាន៖ទី១-ឈ្មោះ ធី សុខម៉េង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ ហ៊ាង ភិរុណ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស ទី៣- ឈ្មោះ គីម អៀងលី ភេប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅភូមិស្វាយរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។រីឯជនរងគ្រោះឈ្មោះ ម៉ៅ ចាន់នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក បានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះថា កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យបានធ្វើសកម្មភាពប្រើដាវគំរាមវាយយកម៉ូតូ១គ្រឿងម៉ាក ZOOMERX១១០ ពណ៌សលាយខ្មៅ មានលេខតួ-៥០២៤០៤៣ និងលេខម៉ាស៊ីន-០០២៤០៤៣ ពាក់ស្លាកលេខភ្នំពេញ ១DB-៧៣២០ នៅត្រង់ចំណុចខាងមុខអាគារសង់ថ្មី ក្បែរវត្តនាគវន្ត័ ផ្លូវសហពន្ធ័រុស្សី ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រហូតបានសម្រេច ស្រាប់តែមកដល់យប់ថ្ងៃទី៣ ត្រូវបានកម្លាំងនគរបាលការិយាល័យជុំនាញ បើកការបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ ហើយដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៥ មានលេខតួ-លេខម៉ាស៊ីន ៩៣៥០៣៦០ ពាក់ស្លាកលេខភ្នំពេញ ១FD-៥២៧៨ ទី២-ម៉ាកស៊ុហ្សុយគីឡេត ពណ៌ស សេរីឆ្នាំ២០១៨ មានលេខតួ-លេខម៉ាស៊ីន ៤១៤៥៦៨ គ្មានស្លាកលេខ និងកាំបិតកែច្នៃ ពណ៌សប្រវែង៥តឹក១ដើម។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ក្នុងបទល្មើសប្រើកាំបិតភ្ជង់ប្លន់ រួមជាមួយវត្តុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញឃុំខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕