(សៀមរាប)៖ កន្លងមកមានក្រុមអាជីវករមួយចំនួន បានយកវាលស្មៅជាប់កសិន្ធុ នៃប្រាសាទអង្គរវត្ត ទៅធ្វើអាជីវកម្មជួលអង្រឹង កន្ទេល។ល។ និងលក់ចំណីអាហារជូនប្រជាពលរដ្ឋ មកដើរកម្សាន្តទស្សនាប្រាសាទអង្គរវត្ត ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបរិស្ថានល្អ នៅក្នុងតំបន់ទេសចរណ៍វប្បធម៌។ នៅពេលនេះ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរា បានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយក្រុមអាជីវករលក់ដូរ ដែលបានធ្វើអាជីវកម្មលើវាលស្មៅជាប់កសិន្ធុប្រាសាទអង្គរវត្ត ឲ្យបញ្ឈប់សកម្មភាពជួលកន្ទេល ដាក់អង្រឹង និងលក់ដូរចំណីអាហារ ទទួលបានលទ្ធផលល្អ មិនមានការលក់ដូរនៅលើវាលស្មៅបន្តទៀតឡើយ។
សកម្មភាពទាំងនោះ បានបង្កឲ្យមានសំរាមរាយប៉ាយពាសពេញលើវាលស្មៅ បាត់បង់សោភ័ណភាពសាធារណ: និងខ្យល់អាកាសបរិសុទ្ធ នៃប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌដ៏មានតម្លៃ និងល្បីល្បាញក្នុងសកលលោក។
ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងបង្កើនភាពស្រស់ត្រកាលឡើងវិញ ជាពិសេសបង្កើនភាពទាក់ទាញ និងលើកកម្ពស់គុណភាព នៃការទស្សនា របស់ភ្ញៀវទេសចរ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយក្រុមអាជីវករលក់ដូរដែលបានធ្វើអាជីវកម្មលើវាលស្មៅជាប់កសិន្ធុប្រាសាទអង្គរវត្ត ឲ្យបញ្ឈប់សកម្មភាពជួលកន្ទេល ដាក់អង្រឹង និងលក់ដូរចំណីអាហារ ទទួលបានលទ្ធផលល្អ មិនមានការលក់ដូរនៅលើវាលស្មៅបន្តទៀតឡើយ។
សកម្មភាពរបស់ក្រុមអាជីវករទាំងអស់ មិនត្រឹមតែជាការបង្ហាញនូវស្មារតីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថាន សណ្តាប់ធ្នាប់ សោភ័ណភាពដ៏ស្រស់ត្រកាលនៃប្រាសាទអង្គរវត្ត ប៉ុណ្ណោះទេតែថែមទាំងបានរួមចំណែកលើកតម្លៃបេតិកភណ្ឌដែលជាមរតកដូនតាទៀតផង៕
{IfMobile} {ElseMobile} {EndIfMobile}