(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពាក់ព័ន្ធនឹងករណី លួច (ឆក់កាបូបស្ពាយ) នៅត្រង់ចំណុច មុខផ្ទះលេខ៣៨E ផ្លូវលេខ២៥៧ ក្រុមទី១៦ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែតុលា​ ឆ្នាំ២០១៧។

មន្ដ្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ឈ្មោះ ហេង មករា ហៅមករា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៤ផ្លូវ លេខ៣៨៥ ក្រុមទី៤ ភូមិ២ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ដ្រីដដែល បន្ដថា ដកហូតបានវត្ថុមួយចំនួនរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាក Suzuki Nex ពណ៌ក្រហម-ស ពាក់ស្លាកលេខ ភ្នំពេញ 1GD-9707 ដែលមានលេខតួ និងលេខម៉ាស៊ីន: 321507 (ជាម៉ូតូរបស់ជនសង្ស័យ ជិះធ្វើសកម្មភាព), កាបូបស្ពាយពណ៌ខ្មៅចំនួន១ ក្នុងនោះមានទូរស័ព្ទចំនួន២គ្រឿង ម៉ាក Hussein’s ពណ៌ស១ និងម៉ាក Jinsw (ចិន ) ពណ៌ខ្មៅ១ ( ជាកាបូបរបស់ជនរងគ្រោះ )បានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពី លោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

តាមដំណើររឿងហេតុ មុនពេលកើតហេតុជនរងគ្រោះ និងប្ដីឈ្មោះ សុផុន ផល្លាម៉ានូ បានជិះម៉ូតូ១គ្រឿង ម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AM-3413 ជិះចេញពីផ្ទះនៅម្ដុំអូរឬស្សី ក្នុងគោលបំណង មកលេងផ្ទះម្ដាយនៅម្ដុំផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ពេលមកដល់ចំណុចស្តុបអាងទឹកអូឡាំពិក ជនរងគ្រោះក៏ឃើញជនចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿង ម៉ាក Suzuki Nex ពណ៌ក្រហម-ស និងម៉ាក Honda C125 ពណ៌ខ្មៅ ពុំច្បាស់ស្លាកលេខ តាមពីក្រោយតែពុំចាប់អារម្មណ៍ លុះពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុច មុខផ្ទះលេខ៣៨E2 ផ្លូវលេខ២៥៧ ក្រុមទី១៦ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ស្រាប់តែជនសង្ស័យទាំង៤នាក់ ដែលតាមជនរងគ្រោះខាងលើ បានធ្វើសកម្មភាពឆក់កាបូស្ពាយ ពីជនរងគ្រោះដោយជនសង្ស័យជិះម៉ូតូ Nex មានគ្នា២នាក់ ជាអ្នកឆក់ ចំណែកជនសង្ស័យជិះម៉ូតូ Honda C125 ពណ៌ខ្មៅ មានគ្នា២នាក់ ជាអ្នកជិះបិទគូទ ពេលឆក់បានសម្រេចហើយ ជនសង្ស័យព្យាយាមជិះម៉ូតូគេចខ្លួន ក៏ត្រូវបានជនរងគ្រោះ និងប្ដី បានស្រែកថា
ចោរៗ និងជិះដេញតាមពីក្រោយ។

ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ បានធ្វើការល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន ឃើញជនសង្ស័យ ក៏ដេញបង្ក្រាបជាក់ស្ដែងដោយឃាត់ខ្លួនជនសង្ស័យបាន១នាក់ជាអ្នកបើកម៉ូតូ Nex ចំណែកជនសង្ស័យ៣នាក់ ជិះម៉ូតូគេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន ជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

{IfMobile}

{ElseMobile}

{EndIfMobile}