(សៀមរាប)៖ អភិបាលខេត្តសៀមរាបលោក ឃឹម ប៊ុនសុង នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញប្រកាសតែងតាំង មុខចូលកាន់មុខតំណែង លោក សូរ សុន អភិបាលស្រុកបន្ទាយស្រី សម្រាប់អាណត្តិទី២ និងលោកស្រី រឿន គីណា, លោក ភន់ សុខុន ជាអភិបាលរង ព្រមទាំងលោក សោម សាមេត ជានាយករដ្ឋបាលស្រុក។
ពិធីនេះ គឺជាប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានតែងតាំងអភិបាលស្រុកបន្ទាយស្រី បន្តអាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ដោយការតែងតាំងមុខតំណែងនេះ សក្ដិសមមនសិការវិជ្ជាជីវៈ ស្មារតីស្នេហាជាតិពិតៗ ព្រមទាំងការខិតខំប្រឹងប្រែង យ៉ាងស្វិតស្វាញក្នុងការបម្រើប្រជាពលររដ្ឋ និងជាតិមាតុភូមិនាពេលកន្លងមក។
អភិបាលខេត្តសៀមរាប ក៏បានណែនាំដល់ លោកអភិបាលស្រុកបន្ទាយស្រី ដែលបន្តអាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃស្រុកបន្ទាយស្រី ត្រូវរួមសហការគ្នា អនុវត្តការងារសំខាន់ៗដែលថ្នាក់ដឹកនាំប្រគល់ជូន។
លោក ឃឹម ប៊ុនសុង បញ្ជាក់ថា ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឲ្យបានល្អប្រសើរ និងបន្តខិតខំលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទូទាំងស្រុក ដោយជម្រុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិទាំង០៩ នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យបានសស្រាក់សស្រាំទូទាំងស្រុក។
បន្ថែមពីនេះ ត្រូវបន្តចូលរួមអនុវត្តបទបញ្ជានានា របស់រាជរដ្ឋាភិបាល ពិសេសបទល្មើសព្រៃឈើ និងបទល្មើសក្នុងដែនឡូត៍នេសាទ ដកហូតការទទ្រ្ទានយកដែនព្រៃលិចទឹក និងបន្តយកចិត្តទុកដាក់រៀបចំសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យការប្រើប្រាស់ផ្លូវ ចិញ្ចើមផ្លូវសាធារណៈ ការគ្រប់គ្រងការសាងសង់សំណង់នានា និងសុវត្ថិភាពឲ្យកាន់តែល្អប្រសើរថែមទៀត៕