(ភ្នំពេញ)៖ អនុប្រធាននាយកដ្ឋាន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនមកអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ ដើម្បីសាកសួរករណី ប៉ុនប៉ងសម្លាប់ស្ត្រីម្នាក់បំបិទមាត់ ដោយសារតែការជំពាក់បំណុល ចំនួន២៥,០០០ដុល្លារ មិនព្រមសង។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានឃាត់ខ្លួនឈ្មោះ ប្លុង ពិសិដ្ឋ ភេទប្រុសអាយុ៣៤ឆ្នាំ មានមុខរបរជាអនុប្រធាននាយកដ្ឋានយុវនីតិសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នាក់នៅផ្ទះលេខ ១០និងលេខ ១២ បុរីពិភពថ្មី សែនសុខ ផ្លូវលេខ១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួននៅព្រឹកមិញនេះ ចំណែកបក្ខពួកជនដៃដល់២នាក់ទៀត បានរត់គេចខ្លួនអស់ហើយ ក្រោយពីប្រព្រឹត្តអំពើព្រៃផ្សៃ លើជនរងគ្រោះជានារីភេទរួចមក។
តាមរយៈវីដេអូឃ្លីបរយៈពេល១នាទី និង៤១វិនាទី នៅកន្លែងកើតហេតុ បានបង្ហាញនូវសកម្មភាពរបស់ក្រុមជនដៃដល់ វាយតប់បោចសក់ទាត់ធាក់ បោកជនរងគ្រោះផ្ទប់ និងឥដ្ឋការ៉ូ ច្របាច់ករយ៉ាងព្រៃផ្សៃរគ្មានក្ដីមេត្តាអ្វីបន្តិចសោះ កុំតែបានម្ចាស់ហាងនិងសន្តិសុខបុរី មកជួយទាន់ពេលវេលា កុំអីស្ត្រីរងគ្រោះអាចនឹងមានគ្រោះថ្នាក់ ដល់ជីវិតទៀតផង។
ហេតុការណ៍របស់ក្រុមជនដៃដល់ធ្វើមក លើជនរងគ្រោះបានកើតឡើងតាំងពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះនៅក្នុងភោជនីដ្ឋានមួយទល់មុខបុរីអង្គរភ្នំពេញ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចនគរបាល និងព្រះរាជអាជ្ញាអមតុលាការ ទើបព្រះរាជអាជ្ញាបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនជនដៃដល់ យកមកអនុវត្តតាមច្បាប់។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ ត្រូវគេវាយប៉ុនប៉ង សម្លាប់ដើម្បីបំបិទមាត់ដោយសារ តែជនដៃដល់ជំពាក់ប្រាក់ នោះឈ្មោះ ស រ ភេទស្រី អាយុ២៨ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុជនដៃដល់ឈ្មោះ ប្លុង ពិសិដ្ឋ ដែលជាអ្នកជំពាក់ប្រាក់ជនរងគ្រោះ បានណាត់ជនរងគ្រោះឲ្យចេញមក ក្រៅដើម្បីនិយាយគ្នាដោយឈ្មោះ ប្លុង ពិសិដ្ឋ បើករថយន្តម៉ាកម៉ាស្ដាព័ណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB - 4800 ទៅដឹកជនរងគ្រោះនៅផ្សារស៊ីឡឹប ហើយបើកទៅសង្កាត់ភ្នំពេញថ្មី ដឹកមិត្តភ័ក្រឈ្មោះ គង់ ស្រុីន យកទៅភោជនីដ្ឋាន មួយនៅទល់មុខបុរីអង្គរភ្នំពេញសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នៅពេលទៅដល់មិនទាន់បាន និយាយគ្នារឿងលុយជំពាក់ទេ ជនរងគ្រោះក៏បានសុំឈ្មោះ ប្លុង ពិសិដ្ឋ មកផ្ទះមួយភ្លែតដោយសារ មានធុរៈបន្ទាន់ ។ លុះដល់ម៉ោងប្រមាណ៩និង២០នាទីយប់ ទើបជនរងគ្រោះត្រឡប់ទៅវិញ ក៏ឃើញឈ្មោះ ប្លុង ពិសិដ្ឋ ឈ្មោះ គង់ ស្រុីននិងបក្ខពួកម្នាក់ទៀតឈ្មោះខៀវ នៅអង្គុយចាំដដែល ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ពេលជនរងគ្រោះត្រឡប់មកវិញ មិនទាន់បានអង្គុយចុះផង ស្រាប់តែឈ្មោះ ប្លុង ពិដិដ្ឋ ស្ទុះមកវាយជនរងគ្រោះ កណ្ដាលមុខបណ្ដាលឲ្យដួលខ្ពោក ហើយបន្តវាយបោចសក់ ចាប់បោកផ្ទប់និងតុ បោកផ្ទប់និងឥដ្ឋការ៉ូ ចាប់ច្របាច់កជនរងគ្រោះបំណងសម្លាប់ចោល បណ្ដាលឲ្យមានការភ្ញាក់ផ្អើលពេញហាង។ ឃើញសកម្មភាពព្រៃផ្សៃដូច្នេះ ម្ចាស់ហាង និងអ្នករត់តុបានចូលទៅជួយអន្តរាគមន៍ ទើបក្រុមជនដៃដល់រត់គេច ខ្លួនពីកន្លែងកើតហេតុបាត់អស់ទៅ លុះដល់ថ្ងៃទី០៧ ខែកញ្ញាទើប ជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យជួយរកយុត្តិធម៌។
មហាជនដែលបានមើលឃើញវីដេអូឃ្លីបស្ដីពីសកម្មភាពព្រៃផ្សៃ របស់ក្រុមជនដៃដល់ទៅលើ ជនរងគ្រោះជានារីភេទកំពុងរងចាំមើល ចំណាត់ការរបស់សមត្ថកិច្ច និងតុលាការចំពោះក្រុមជនដៃដល់ នេះយ៉ាងយកចិត្តទុកដាក់ ដោយសារតែក្រោយ សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ឈ្មោះ ប្លុង ពិដិដ្ឋ មានតួនាទី ជាអនុប្រធាននាយកដ្ឋានរួចមក មានមន្ត្រីមួយចំនួនធ្វើអន្តរាគមន៍ ឲ្យមានការសម្របសម្រួល ប៉ុន្តែខាងសមត្ថកិច្ច ដែលអនុវត្តច្បាប់មិនយល់ព្រម ចំពោះទង្វើព្រៃផ្សៃនោះទេ ហើយដាច់ខាតត្រូវតែបញ្ជូនជនដៃដល់ ទៅតុលាការអនុវត្តតាមនីតិវិធី ទុកជាមេរៀនឲ្យជនដទៃ ទៀតកុំយកគំរូតាម៕