(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន បានបន្តចេញមកប្រកាសប្រឆាំងដាច់ខាត មិនឱ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា ទប់ស្កាត់ចំពោះរាល់សកម្មភាព បំពានទាំឡាយណាដែលមានបំណងមិនល្អ បំពុលបរិយាកាសសង្គមឈានដល់ការបំផ្លាញ សន្តិភាព ស្ថេរភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។

នាយឧត្តមសេនីយ៍ បានចាត់ទុកថា «សមិទ្ធផលសន្តិភាព មានតម្លៃពុំអាចកាត់ថ្លៃបានឡើយ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាពនេះឲ្យបានស្ថិតស្ថេរ និងគង់វង្ស»

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានជួប​សំណេះសំណាលជាមួយប្រជាពលរដ្ឋ៦៩៩នាក់ នៅ​ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍បានបន្តថា «សមិទ្ធផលសន្តិភាពមានសព្វថ្ងៃ បានមកពីការប្តូរសាច់ឈាមស្រស់របស់វីរៈជនយុទ្ធជនស្នេហាជាច្រើន ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិពីរបស់ប្រល័យពូជសាសន៍ប៉ុលពត និងការពារបូរណភាពទឹកដី។ ប្រទេសកម្ពុជា បានឆ្លងកាត់នូវរបត់សង្គមជួបនូវឧបសគ្គលំបាកជាច្រើន ដោយសារសង្គ្រាមផ្ទៃក្នុងរាំងរៃផង និងការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងផង បានធ្វើឲ្យប្រទេសជាតិ ធ្លាក់ក្នុងគ្រោះមហន្តរាយខ្ទេចខ្ទីរស្ទើរទាំងស្រុង។ នៅក្នុងរយៈពេលជាង៤០ឆ្នាំ កន្លងមកនេះ ដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យអង្គការចាត់តាំងខ្មែរក្រហម រលំរលាយនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ ទឹកដីគ្មានតំបន់អប្បគមន៍មានតែកងយោធពលខេមរភូមិន្ទតែមួយ ជ្រកក្រោមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានសុខសន្តិភាពពិតប្រាកដពេញ ផ្ទៃប្រទេសមានការបោះឆ្នោតត្រឹមត្រូវ តាមលក្ខណៈលទ្ធិប្រជាធិប្បតេយ្យសេរីពហុបក្ស តម្លាភាព និងយុត្តិធម៌»

ក្នុងថ្ងៃទី១នៃថ្ងៃបុណ្យកឋិនទាន នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី បានផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានដង្ហែ ទៅវត្តត្រពាំងវែងឃុំព្រះនិពាន្វស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រមទាំងបាននាំយកបច្ច័យរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនវត្តត្រពាំងវែង៥ម៉ឺនដុល្លារ និង៥លានរៀលសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត ចែកក្រណាត់ស និងថវិកាជូនយាយជីតាជី គណៈកម្មការវត្តសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ ក្រុមប្រឹក្សាឃុំសាលាស្រុកខេត្តកុំព្យូទ័រ៥គ្រឿង៕