(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់ ការបង់ថ្លៃ ឆ្លងកាត់ស្ពាន និងផ្លូវលីយ៉ុងផាត់ ព្រែកព្នៅ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧តទៅ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អភិបាលរាជធានីភ្នំពេញ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ចាប់ពីវេលាម៉ោង០០៖០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះតទៅ ការធ្វើដំណើរឆ្លងកាត់ស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែព្នៅ នឹងមិនតម្រូវឲ្យបង់ថ្លៃឆ្លងកាត់ទៀតឡើយ»

សូមបញ្ជាក់ថា កាលពីម្សិលមិញ ជាការផ្ដល់កាដូដ៏ធំមួយជូនដល់ជនរួមជាតិទូទាំងប្រទេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសទិញស្ពាន និងផ្លូវលីយ៉ុងផាត់ ព្រែកព្នៅ មកគ្រប់គ្រងវិញ ហើយអនុញ្ញាតឲ្យប្រជាពលរដ្ឋឆ្លងកាត់ដោយមិនបាច់បង់ថ្លៃ។

ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា​ ការសម្រេចរបស់ប្រមុខនៃរាជរដ្ឋាភិបាលនេះ គឺជាការគិតគូរ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដូចជាការលុបចោលបង់ថ្លៃឆ្លងកាត់ផ្លូវជាតិលេខ៤ និងផ្លូវលេខ២០០៤ ឬផ្លូវម៉ៃដា កាលពីពេលកន្លងទៅផងដែរ។

សូមខ្លឹមសារលម្អិតនៅក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖