(ភ្នំពេញ)៖ ខណៈដែលការបោះឆ្នោតថ្នាក់ជាតិ កាន់តែខិតជិតចូលមកដល់ មានមតិភាគច្រើនព្រួយបារម្ភអំពីការជាប់គាំង វិស័យអចលនទ្រព្យនោះ ប៉ុន្តែការព្រួយបារម្ភនេះ ត្រូវបានលោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា គ្មានអ្វីគួរឲ្យបារម្ភឡើយ ផ្ទុយទៅវិញ គឺជាឱកាសល្អបំផុត សម្រាប់អ្នករកស៊ីទិញលក់ក្នុងវិស័យដីធ្លីទៅវិញ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ ជាមួយបណ្តាញសារព័ត៌មាន Fresh News ក្នុងកម្មវិធីសង្គម និងសេដ្ឋកិច្ច លោកបណ្ឌិត គីម ហ៊ាង លើកឡើងយ៉ាងដូច្នេះថា «ជាបទពិសោធន៍ ក្នុងការរកស៊ីវិស័យដីធ្លីអស់រយៈពេល១២ឆ្នាំ និងធ្លាប់ឆ្លងកាត់ការបោះឆ្នោតជាច្រើនលើក។ ខ្ញុំគិតថា ឆ្នាំបោះឆ្នោត គឺជាឱកាសល្អ មានន័យថា ពេលបច្ចុប្បន្ននេះ វិស័យដីធ្លីកំពុងត្រលប់ទៅរកតម្លៃពិត ដែលកាលពីឆ្នាំ២០១៦ ជាឆ្នាំដែលអាចនិយាយបានថា តម្លៃដីធ្លីឡើងលឿនជាងតម្លៃពិត... ខ្ញុំគិតថា រយៈពេល៣ខែទៅមុខទៀត តម្លៃដីធ្លីនឹងត្រឡប់មករកតម្លៃពិត តម្លៃពិតជាតម្លៃមួយ ដែលលក់ចង់ឲ្យមានអ្នកទិញ ប៉ុន្ដែបច្ចុប្បន្ននេះ តម្លៃដែលដាក់លក់ គឺជាតម្លៃដែលអ្នកលក់ចង់លក់ តែអ្នកទិញមិនចង់ទិញ»។
លោកបានបន្ដទៀតថា ឆ្នាំបោះឆ្នោតជាឱកាសល្អ មានន័យថា ធម្មតានៅពេលដែលជិតនឹងការបោះឆ្នោត មិនមែនតែ នៅក្នុងប្រទេសកម្ពុជានោះទេ នៅប្រទេសណាក៏ដោយ នៅពេលដែលជិតបោះឆ្នោត គឺមនុស្សត្រូវការលុយ នៅពេលដែលតម្រូវការលុយកើនឡើង ទោះចង់ឬមិនចង់ក៏ត្រូវតែលក់ ដូច្នេះពេលនេះហើយជាពេលមួយ ដែលមានការលក់ច្រើន នៅពេលលក់ច្រើន អ្នកទិញក៏មានជម្រើសច្រើនដូចគ្នា។
លោកបានបញ្ជាក់ទៀតថា «យុទ្ធសាស្រ្ដរបស់ខ្ញុំ ធ្លាប់និយាយលេងជាមួយអ្នកវិនិយោគទុនមួយចំនួនថា ពេលបោះឆ្នោត គឺជាពេលដែលត្រូវទិញ ហេតុអ្វីពេលបោះឆ្នោតត្រូវទិញ? ព្រោះថា ពេលបោះឆ្នោត ជាពេលដែលគេលក់របស់ ប្រសិនបើយើងមានលុយទិញ យើងទិញយក នៅក្រោយបោះឆ្នោតរបស់ទាំងអស់នោះនឹងឡើងថ្លៃវិញ។ ជារួមរយៈពេលប៉ុន្មានអាណត្តិចុងក្រោយនេះ មុនបោះឆ្នោត តម្លៃដីធ្លីចាប់ផ្ដើមធ្លាក់ចុះ ដោយសារតែគេមានតម្រូវការលុយ អ្នកមានលុយគេទិញយក រួមជាមួយនឹងតម្លៃសមរម្យ តែក្រោយបោះឆ្នោតរួចរាល់ ទំនិញទាំងនោះនឹងឡើងថ្លៃវិញ ក្នុងពេលបោះឆ្នោតជាឱកាសល្អ បំផុតសម្រាប់អ្នកមានលុយ»។
លោកបានឲ្យដឹងទៀតថា «ប្រទេសកម្ពុជាជាប្រទេសមួយ ដែលមានកត្តានយោបាយរឹងមាំជាង ប្រទេសមួយចំនួនទៀត។ ខ្ញុំបានដើរច្រើនប្រទេស និងឆ្លងកាត់ការសិក្សាជាច្រើន ឃើញថាកត្តានយោបាយរបស់កម្ពុជា រឹងមាំជាងកត្តានយោបាយ របស់ ប្រទេសជាច្រើនទៀត។ ចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ ជាឱកាសល្អបំផុត សម្រាប់អ្នកមានលុយទិញរបស់ (ដីធ្លី) បានល្អៗ របស់ទាំងនោះរួមមាន ផ្ទះ និងដី រួមជាមួយទីតាំដ៏សមស្រប ហើយក្រោយបោះឆ្នោតដីធ្លីនឹងចាប់ផ្ដើមឡើងថ្លៃ ហើយនេះវាជាឱកាសចំណេះ»៕
{IfMobile} {ElseMobile} {EndIfMobile}