(ព្រះសីហនុ)៖ ក្រុមចោរឆក់ និងកាន់កាប់ រក្សាទុកសារធាតុញៀន ក៏សកម្មចំនួន៥នាក់ ដែលតែងតែបង្កអសន្ដិសុខនៅក្នុងខេត្តព្រះសីហនុ ក្នុងនោះមានម្នាក់ជាជនជាតិវៀតណាមផងដែរនោះ ត្រូវបានកម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់លេខ៤ នៃអធិការក្រុងព្រះសីហនុ ចុះបង្រ្កាបបានហើយ។

ការចុះបង្រ្កាបក្រុមចោរឆក់ និងកាន់កាប់ រក្សាទុកសារធាតុញៀនដ៏សកម្មចំនួន៥នាក់ ខាងលើនេះ បានធ្វើឡើងស្ថិតនៅចំណុចក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧។ ជនសង្ស័យទាំង៥នាក់នេះ តែងតែធ្វើសកម្មភាពឆក់ សម្ភារតាមទីសាធារណៈ និងជួញដូរគ្រឿងញៀន។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះថា ជនសង្ស័យទាំង៥នាក់ ដែលកម្លាំងនគរបាលធ្វើការបង្ក្រាបខាងលើនេះ រួមមាន៖ ១៖ ឈ្មោះ ឡុង ស៊ីពេជ្រ ភេទប្រុស ជនជាតិវៀតណាម អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (មុខសញ្ញាឆក់សកម្ម និងកាន់កាប់រក្សាទុកសារធាតុញៀន)។ ២៖ ឈ្មោះ គឹង ដែន ហៅពៅ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (មុខសញ្ញាឆក់សកម្ម)។ ៣៖ ឈ្មោះ មុំ ញ៉ាញ់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (មុខសញ្ញាឆក់សកម្ម)។ ៤៖ ឈ្មោះ វ៉ាន់ មាន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បុគ្គលិកខ្សែកាប មានទីលំនៅក្រុម២៧ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (មុខសញ្ញាកាន់កាប់រក្សាទុកសារធាតុញៀន)។ ៥៖ ឈ្មោះ សុង យ៉ាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (មុខសញ្ញាកាន់កាប់រក្សាទុកសារធាតុញៀន)។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ឡុង ស៊ីពេជ្រ និងបក្ខពួក បានធ្វើសកម្មភាព ឆក់ជនរងគ្រោះឈ្មោះ CHEN BAO ZHEN ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ មានទីលំនៅ ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ក្នុងខណៈពេលដែលជនរងគ្រោះ កំពុងដើរទៅសណ្ឋាគារ ហ្គ្រេនស៊ីហ្គោល ស្ថិតនៅចំណុច ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

លោកបន្ដថា សម្ភារបាត់បង់៖ លុយចិន ២,០០០យ័ន្ត -ប្រាក់ដុល្លារ ២០០ដុល្លារ អត្តសញ្ញាណចិន៣ច្បាប់ កាតបើកប្រាក់៦ច្បាប់ កាតធ្វើការចំនួន ០២ច្បាប់។ វត្ថុតាងចាប់យកបាន៖ ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស បិទខៀវ គ្មានស្លាកលេខ លេខតួ និងលេខម៉ាស៊ីន ២០៣៩១៧ (មធ្យោបាយ) ម៉ូតូ១គ្រឿង ម៉ាក MSX ពណ៌ស បិទស្វាយ គ្មានស្លាកលេខ លេខតួ និងលេខម៉ាស៊ីន ០០៩១៩១៧ (មធ្យោបាយ) គ្រឿងញៀន (ម៉ាទឹកកក) ចំនួន១៣កញ្ចប់តូចៗ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ខាងលើនេះ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕