(កោះកុង)៖ ក្នុងគោលបំណងការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើតាមរយៈចំណីអាហារ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តកោះកុង ដឹកនាំដោយលោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្ត បានបើកយុទ្ធនាការ ការចុះត្រួតពិនិត្យមើលទំនិញមានបន្លែផ្លែឈើ ដែលអាជីវករនាំចូលពីប្រទេសថៃ តាមមាត់ច្រកទ្វារអន្តរជាតិចាំយាម មកចែកចាយក្នុងទីផ្សារ ក្នុងខេត្តកោះកុង តែជាលទ្ធផលរកពុំឃើញបន្លែ ផ្លែឈើណាមួយផ្ទុកសារធាតុគីមីនោះទេ។

លោក ហ៊ុយ ភារម្យ បានថ្លែងថា ការចុះប្រតិបត្តិការណ៍នេះធ្វើឡើង ដោយផ្អែកទៅលើច្បាប់ស្តីពីការគ្រប់គ្រង គុណភាពសុវត្តិភាពលើផលិតផល ទំនិញ សេវា និងកិច្ចសម្រួល ពាណិជ្ជកម្មតាមរយៈគ្រប់គ្រង ហនិភ័យដែលចែកចេញជាពីទិដ្ឋភាពទិដ្ឋភាពទី១៖ គឺការត្រួតពិនិត្យជាលក្ខណៈរូបវ័ន្ត បានន័យថា យើងត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់សម្ធិផលម្ហូបអាហារ ទៅលើស្លាកសញ្ញាសំបកវេចខ្ចប់ការបរិច្ឆេទកំប៉ុងកំពិតប៉ោង រលួយ។ល។, ទិដ្ឋភាពទី២៖ គឺត្រួតពិនិត្យគុណភាព និងភាពអនុលោមដោយធ្វើការវិភាគជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដូចជា៖ ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើមក្នុងករណីមានការសង្ស័យត្រូវយកគម្រូបញ្ជូនទៅវិភាគបន្តនៅមន្ទីរ ពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។

លោក ហ៊ុយ ភារម្យ បានបន្តថា ជាលទ្ធផលសាខាកាំកុងត្រូល បានចុះត្រួតទំនិញបន្លែផ្លែឈើនៅតាមមាត់ច្រកទ្វារព្រំដែន កម្ពុជា-ថៃ និងផ្សារភូមិថ្មី ដែលអាជីវករនាំចូលមកធ្វើការចែកចាយ នៅតាមទីផ្សារនឹងដាក់តាំងលក់នោះ សាខាកាំកុងត្រូលយើងពុំបានរកឃើញនូវផលិតផលណាមួយដែល ត្រូវបានគេលួចបន្លំដាក់ប្រើប្រាស់សារធាតុគីមីនោះឡើយ។ អាស្រ័យដោយយើងបានធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់នឹងមានការយល់ដឹងពីសំណាក់ប្រជាពលរដ្ឋនិងអាជីវករ។

ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង សូមអំពាវនាវឲ្យអ្នកនាំទំនិញចូលទាំងអស់​ សូមនាំចូលតែទំនិញទាំងឡាយណាដែលមានលក្ខណៈ អនុលោមភាពខ្ពស់គ្មានសារធាតុគីមី ហើយមានសំបកវិចខ្ចប់ត្រឹមត្រូវ មានការបរិច្ចេទផលិតដើម្បីចូលរួមចំណែកការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទាំងផ្នែកសុខុមាលភាពនិងសេដ្ឋកិច្ច៕