(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងជំរុញដល់ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បន្ដលើកកម្ពស់កិត្ដិនាម និងមុខមាត់កម្ពុជា លើឆាកអន្ដរជាតិ ខណៈដែលប្រទេសរបស់យើង កំពុងតែមានការអភិវឌ្ឍន៍កាន់តែប្រើសើរ និងមានសុខសន្ដិភាពល្អ ក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី។

លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូយុវជន នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ ដើម្បី ទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ឆ្នាំ២០១៧ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៦ ខែតុលានេះ។

ក្នុងឱកាសលោកស្រី ឃួន សុដារី តំណាងឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា «ខ្ញុំក៏សូមរំលែកចំណេះដឹងផ្សេងៗទាំងការសិក្សា ការងារ និងអប់រំ ឲ្យយុវជនកម្ពុជាយើងទាំងអស់ ចេះសាមគ្គីគ្នា ចេះស្រលាញ់ប្រទេសជាតិ ដោយការលើកកម្ពស់កិត្តិនាម និងមុខមាត់របស់កម្ពុជា លើឆាកអន្ដរជាតិ ទោះទៅទីណាកន្លែងណាក៏ដោយ ត្រូវធ្វើអ្វីមួយឲ្យមានគិតគូរត្រឹតត្រូវ ពិសេសបន្ដលើកកម្ពស់ និងការពារនូវសមិទ្ធផលសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា វប្បធម៌សន្ដិភាព បូរ​​ណភាពដែនដីនៃរដ្ឋឯករាជ្យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្ដីនៃកម្ពុជា ព្រោះថា បើប្រទេសយើងគ្មានសុខសន្ដិភាពទេនោះ ទោះយើងចង់អភិវឌ្ឍអ្វី ក៏មិនចេញដែរ»

ទន្ទឹមនឹងនោះលោកស្រីក៏បានពាំនាំនូវអនុសាសន៍សំខាន់ៗ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ដើម្បីជាពុទ្ធិ និងចំណេះដឹងសម្រាប់ក្មួយៗ ​​យកទៅបំពេញបេសកម្ម ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន រយៈពេល៥២ថ្ងៃនាពេលខាងមុខនេះ គឺត្រូវរក្សាឲ្យបាននូវសាមគ្គីភាពជិតស្និត, សុខដុមរមនីយកម្មរវាងគ្នានិងគ្នា ពិសេសរឹតចំណងមិត្ត​​ភាព ក្នុងចំណោមសមាជិកប្រតិភូនាវាយុវជន នៃបណ្ដាប្រទេសនានា, បន្ដពង្រឹងការសាង និងបង្កើនសមត្ថភាពរបស់ខ្លួន លើពហុជំនាញ ទាំងភាសាទំនាក់ទំនង វប្បធម៌​​ ប្រពៃណីជាតិ ចំណេះដឹងទូទៅពីអាស៊ាន ប្រវត្តិសាស្រ្ដក្នុងតំបន់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រ​​ទេសជាតិឲ្យមានភាពរីកចម្រើនជានិច្ច។

ព្រមជាមួយគ្នានោះ លោក ហោ សំណាង អនុប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានថ្លែងថា «ក្នុងនាមជាយុវជន និងបញ្ញវ័ន្ដ ដែលមានឱកាសតំណាងឲ្យមុខមាត់របស់កម្ពុជា យើងខ្ញុំទាំងអស់គ្នា នឹងប្ដេជ្ញាបន្ដចូលរួមថែរក្សា និងអភិវឌ្ឍប្រទេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រមុខដឹកនាំប្រទេសដ៏ឆ្នើម ដែលបាននាំមកនូវសុខសន្ដិភាពជូនប្រជារាស្ដ្រ ទើបយើងទាំងអស់គ្នា មានថ្ងៃនេះបាន»

គួរបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ឆ្នាំ២០១៧នេះ មានរយៈពេល៥២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។ នៅក្នុងឆ្នាំនេះ នាវាយុវជនអាស៊ីអាគ្នេយ៍ នឹងចូលចតក្នុងកំពង់ផែ នៃប្រទេសជប៉ុន កម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ាទ្បេស៊ី និងប្រទេសជប៉ុនវិញ ដើម្បីបញ្ចប់ការងារ ទើបត្រលប់មាតុប្រទេសវិញ៕

{IfMobile}

{ElseMobile}

{EndIfMobile}