(សៀមរាប)៖ ស្ថានកុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាប នាល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ បានប្រារព្ធទិវាបុណ្យកំណើតជាតិ សាធារណៈរដ្ឋកូរ៉េខាងត្បូង ជាលើកដំបូងនៅខេត្តសៀមរាប ដែលស្ថិតក្នុងអធិបតីភាពរបស់លោកឧកញ៉ា សៀង ណាំ និងលោក ថាក ស៊ីនឃ្យូ អគ្គកុងស៊ុល នៃសាធារណៈរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាបលោក ពិន ប្រាកដ អភិបាលខេត្តរងសៀមរាប លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងភ្ញៀវជាតិ-អន្តរជាតិ ប្រតិបត្តិករទេសចរណ៍ សិស្ស និស្សិតប្រមាណ២០០នាក់។

លោក ថាក ស៊ីនឃ្យូ បានថ្លែងថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំង នៅនៅក្នុងឱកាសប្រារព្ធទិវាបុគចូលរួមជាអធិបតីភាព ក្នុងពិធីប្រារព្វទិវាបុណ្យកំណើតជាតិ នៃសាធារណៈរដ្ឋកូរ៉េ ដែលបានប្រារព្ធជាលើកដំបូង​ ចាប់តាំងពីបើកដំណើរការស្ថាន២កូរ៉េ ប្រចាំខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ ហើយក្នុងឆ្នាំ២០១៧នេះផងដែរ គឺជាកិច្ចគម្រប់ខួប២០ឆ្នាំ នៃទំនាក់ទំនងការទូតជាថ្មី រវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ។

លោក ថាក ស៊ីនឃ្យូ បានរំលឹកថា សាធារណរដ្ឋកូរ៉េ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២៣៣៣ មុនគ្រិស្កសករាជ ដោយបុព្វបុរសម្នាក់ Dangun ហើយត្រូវបានរដ្ឋាភិបាលកូរ៉េ កំណត់យកថ្ងៃទី៣ ខែតុលា ជាថ្ងៃឈប់សម្រាក់របស់ជាតិ ដើម្បីប្រារព្ធពិវាបុណ្យកំណើតជាតិ នៃសាធារណរដ្ឋកូរ៉េ ជារៀងរាល់ឆ្នាំ។ ដំបូងឡើយសាធារណរដ្ឋកូរ៉េមានឈ្មោះថា Gojoseon ដែលមានន័យថា ការរស់នៅ និងការធ្វើការដើម្បីផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមកដល់មនុស្សជាតិ។ បច្ចុប្បន្នវាបានក្លាយទៅជាទស្សនៈអប់រំ សំរាប់បង្រៀនទៅដល់ប្រជាជន នៃសាធារណរដ្ឋកូរ៉េទូទាំងប្រទេស។ យោងទៅតាមទស្សនៈខាងលើ វាមានសារសំខាន់ណាស់ដល់មនុស្សជាតិ ក្នុងការរស់នៅក្នុងភូមិសកលដោយសារតែយើងត្រូវ ចេះយោគយល់គ្នា និងគោរពគ្នាទៅវិញទៅមកជាមួយភាគីម្ខាងទៀត ដែលមានគំនិតផ្សេងពីយើង។

លោក ថាក ស៊ីនឃ្យូ បានបញ្ជាក់ ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍ដែលមានលក្ខណៈពិសេស ក្នុងការប្រមូលទាក់ទាញភ្ញៀវទេសចរ មកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក ហើយជាក់ស្ដែង ចំនួនភ្ញៀវកូរ៉េ ដែលមកទស្សនាខេត្តសៀមរាប មានច្រើនជាង២៥ម៉ឺននាក់ ក្នុងមួយឆ្នាំៗ បច្ចុប្បន្នខេត្តសៀមរាប មានជនជាតិកូរ៉េប្រហែល១ពាន់នាក់ កំពុងរស់នៅជាមួយប្រជាជនខ្មែរ ក្រោមរូបភាពប្រកបជំនួញអាជីវកម្មផ្សេងៗ ធ្វើសកម្មភាពសាសនា និងកំពុងដំណើរការអង្គការមនុស្សធម៌នានា ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនក្រីក្រកម្ពុជាផងដែរ។

លោក ថាក ស៊ីនឃ្យូ បានឲ្យដឹងថានៅសាធារណរដ្ឋកូរ៉េ មានជនជាតិខ្មែរជាង៣ម៉ឺននាក់ កំពុងរស់នៅជាមួយកូរ៉េ ក្រោមរូបភាពជាពលករ ការសិក្សា និងផ្សេងៗទៀត។ កុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាប បានកំពុងតែព្យយាមដើរតួនាទីយ៉ាងសំខាន់ ធ្វើជាអ្នកភ្ជាប់ទំនាក់ទំនងកណ្ដាលជាមួយស្ថាន ទូតកូរ៉េ នៅភ្នំពេញ ដើម្បីពង្រឹង និងបង្កើនទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទ្ធ៕