ក្រុមហ៊ុននាំចេញអង្ករដ៏ល្បីឈ្មោះរបស់កម្ពុជាចំនួន២ ទទួលបានសិទ្ធិសាងសង់ឃ្លាំងស្តុកស្រូវ៥ម៉ឺនតោន និងឡសម្ងួត១៥០០តោនក្នុងមួយថ្ងៃ នៅខេត្តចំនួន៣
06-10-2017 15:55
(ភ្នំពេញ)៖ ក្រុមហ៊ុននាំចេញអង្ករដ៏ល្បីឈ្មោះរបស់កម្ពុជា ចំនួន២ក្រុមហ៊ុន រួមមានក្រុមហ៊ុន Amru Rice របស់លោកឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Khmer Food របស់លោកឧកញ៉ា គឹម សាវុធ បានទទួលសិទ្ធិ ក្នុងការអភិវឌ្ឍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចំនួន ៥០,០០០តោន និងឡសំងួតស្រូវដែលអាចសំងួតបាន១៥០០ តោនក្នុងមួយថ្ងៃ ក្នុងខេត្តចំនួន៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ការទទួលបានសិទ្ធិនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីពិនិត្យលើក្រុមហ៊ុន ដែលជាប់ក្នុងបញ្ជីសម្រាំង ដោយផ្អែកលើរបាយការណ៍វាយតម្លៃរបស់ក្រុមហ៊ុន Mekong Strategic Partners។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ បានសម្រេចជ្រើសរើស ក្រុមហ៊ុនចំនួន០១ ក្នុងមួយតំបន់ ជាអ្នកទទួលបានសិទ្ធិក្នុងការអភិវឌ្ឍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចំនួន ៥០,០០០ តោន និងឡសំងួតស្រូវដែលអាចសំងួតបាន១៥០០តោនក្នុងមួយថ្ងៃ ដែលមានទីតាំងនៅ៖
១៖ តំបន់ខេត្តកំពង់ធំ
* ក្រុមហ៊ុន អេមរុ រាយស៍ ខេមបូឌា ខូអិលធីឌី (AMRU Rice Cambodia Co.,Ltd)
២៖ តំបន់ខេត្តព្រៃវែង
* ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប (KHMER FOODS GROUP)
៣៖ តំបន់ខេត្តតាកែវ
* ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប (KHMER FOODS GROUP)