(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ បានសហការជាមួយមជ្ឈមណ្ឌល KJ Somaiya មកពីទីក្រុងម៉ុមបៃ នៃប្រទេសឥណ្ឌា បានរៀបចំសិក្ខាសាលាស្តីពី អង្គរក្នុងបរិបទព្រះពុទ្ធសាសនាអន្តរជាតិ នៅសាលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប។

សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាពលោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា រួមនឹងប្រតិភូ និងវាគ្មិនមកពីមជ្ឈមណ្ឌល KJ Somaiya និងមានការនិមន្ត និងចូលរួមពីសំណាក់ព្រះសង្ឃ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ លោកគ្រូ និងសិស្សានុសិស្ស និងមន្ត្រីបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាជាច្រើនអង្គ/នាក់។

លោកសាស្ត្រាចារ្យ Sachhchidanand Sahai ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាអ្នកសម្របសម្រួលកម្មវិធី បានបញ្ជាក់អំពីទំនាក់នៃសាសនាធំៗរបស់កម្ពុជាជាមួយនឹងឥណ្ឌា ដែលមានតាំងពីយូរលង់មកហើយ ជាពិសេសលោកសាស្ត្រាចារ្យបានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនា ពិតជាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់អង្គរ តាំងពីពេលដែលអង្គរត្រូវបានបោះបង់ចោលលែងជារាជធានី បើគ្មានព្រះពុទ្ធសាសនាទេ ប្រាសាទនានាក្នុងតំបន់អង្គរក៏មិនត្រូវបានរក្សាគង់វង់រហូតមកដល់សព្វថ្ងៃនេះដែរ។

លោក ហង់ ពៅ បានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌល KJ Somaiya ដែលបានសហការរៀបចំឲ្យមានសិក្ខានេះឡើង។

លោកបញ្ជាក់ថា សិក្ខាសាលានេះនឹងជួយឲ្យអ្នកចូលរួមទាំងអស់មានការយល់ដឹងបន្ថែមទៀត អំពីទំនាក់ទំនងរវាងអារ្យធម៌អង្គរ និងសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាអារ្យធម៌អង្គរដ៏ខ្ពង់ខ្ពស់រហូតមក៕

{IfMobile}

{ElseMobile}

{EndIfMobile}