(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បានទទួលទេយ្យវត្ថុ ពីព្រះគ្រូចៅអធិការវត្តចំនួន០៤ គឺវត្តគោកអំពិល វត្តព្រែកថ្លឹង និងវត្តកែវមុនី នៅទីតាំងវត្តគោកអំពិល សង្កាត់ជើងឯក និងវត្តចំការខ្សាច់ ស្ថិតក្នុងសង្កាត់ស្ពានថ្ម។
ទេយ្យវត្ថុដែលបានទទួល រួមមាន គ្រឿងឧបភោគបរិភោគ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មួយចំនួនធំ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខទៀត ព្រមទាំងថវិកា ១,៨០០,០០០រៀល។
ព្រះគ្រូចៅអធិការ បានមានសង្ឃដីកាលើកឡើង អំពីការរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនា ដោយសារមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូច្នេះព្រះសង្ឃ ក៏ត្រូវចែករំលែកជូនដល់ប្រជាពលរដ្ឋក្រីក្រ តាមរយៈទេយ្យវត្ថុបន្តិចបន្តួច ដើម្បីចូលរួមជាមួយរដ្ឋបាលខណ្ឌដង្កោ ដើម្បីដោះស្រាយការលំបាក និងតម្រូវការនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានោះ លោក នុត ពុធដារ៉ា បានធ្វើការថ្លែងអំណរព្រះគុណ ជូនដល់ព្រះគ្រូចៅអធិការ ទាំង០៤វត្ត ដែលបានផ្តល់នូវទេយ្យវត្ថុទាំងអស់ ជូនដល់រដ្ឋបាលខណ្ឌ សម្រាប់ប្រើប្រាស់ក្នុងគោលដៅមនុស្សធម៌ ជួយដល់ជនរងគ្រោះ ទុរគតជន ស្ត្រីម៉េម៉ាយ កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ក្នុងមូលដ្ឋាន ហើយអំណោយទាំងអស់នេះ នឹងត្រូវប្រគល់ជូនដល់ដៃ បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់នៅពេលខាងមុខ។
លោកអភិបាលខណ្ឌ ក៏បានលើកឡើងអំពីការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបាននាំមកនូវសន្តិភាព ការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ដែលកាយវិកានេះ បង្ហាញអំពីការកាត់ផ្តាច់ពីគ្នាមិនបានរវាងពុទ្ធចក្រ និងអាណាចក្រ ដែលទ្រទ្រង់គ្នាទៅវិញទៅមករវាងពុទ្ធបរិស័ទ និងព្រះសង្ឃ៕
{IfMobile}
{ElseMobile}
{EndIfMobile}