(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យចំនួន៥នាក់ ត្រូវបានបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ ដកហូតបានថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង ក្រោយពីសហការជាមួយកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ ដើម្បីយាមល្បាតពួនស្ទាក់ក្នុងមូលដ្ឋាននៅពេលរាត្រី។

លោកវរសេនីយ៍ត្រី អ៊ុង សឿន បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងទៀតថា ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ខាងលើនេះ បានធ្វើឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្រោយពីមានការណែនាំជាបន្តបន្ទាប់ពីអធិការនគរបាលខណ្ឌ ក្នុងការសហការជាមួយកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ ដើម្បីយាមល្បាតរក្សាសន្តិសុខតាមគោលដៅនីមួយៗ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រនៅពេលរាត្រី។

បើតាមមន្រ្តីនគរបាល ពេលចុះល្បាតនោះ ស្រាប់តែប្រទះឃើញ និងគួរឲ្យសង្ស័យលើពួកគេទាំង៤នាក់ ដែលជិះម៉ូតូ២គ្រឿង៖ទី១-ម៉ាកហុងដាសង់ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ ១CF-៥២៨៤ ទី២-ម៉ាកហុងដា សង់ឌ្រីម សេរីឆ្នាំ២០១៤ ពណ៌ខ្មៅដូចគ្នា ពាក់ស្លាកលេខកំពង់ធំ ១G-០៣០៥ ហើយក៍ឈានដល់ធ្វើការឃាត់ត្រួតពិនិត្យ ស្រាប់តែបានរកឃើញថ្នាំញៀន២កញ្ចប់តូច ដែលជនសង្ស័យទើបតែមកពីទិញ ដើម្បីយកទៅប្រើប្រាស់។

ជាមួយគ្នានោះ លោក ស៊ឹម សាវ៉ាត នាយផ្នែកគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនទី១-ម៉ា ជា ភេទប្រុស អាយុ៣២ឆ្នាំ ទី២-ឈ្មោះ ម៉ន សុធា ភេទប្រុស អាយុ២៦ឆ្នាំ ជនស្ស័យទាំង២នាក់ មានមុខរបរជាកម្មកររោងចក្រ ស្នាក់នៅ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ទី៣-ឈ្មោះ ឈឹម ឆេន ភេទប្រុស អាយុ១៩ឆ្នាំ ទី៤-ឈ្មោះ ឈឹម ឆយ ភេទប្រុស អាយុ២២ឆ្នាំ ទី៥-ឈ្មោះ ជឿន ចាន់ណេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ទឹកកក និង២នាក់ទៀត មានមុខរបរនៅផ្ទះ ស្នាក់នៅ ភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបញ្ជូនមកសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

{IfMobile}

{ElseMobile}

{EndIfMobile}