(ស្វាយរៀង)៖ ថ្លែងមកកាន់បណ្តាញសារព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមី និងជាអ្នកនំាំពាក្យក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី របស់សហរដ្ឋអាមេរិក នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានបញ្ជាក់ថា ប្រតិបត្តិការដោះគ្រាប់គីមីនៅទីនោះ មន្ត្រីជំនាញស៊ីម៉ាក់ និងអាជ្ញាធរគីមី នឹងត្រូវចំណាយពេលយូរថ្ងៃទៀត ក៏ព្រោះតែមានប្រជាពលរដ្ឋជាច្រើន បានរាយការណ៍ អំពីវត្តមានគ្រាប់បែកគីមីជាច្រើនកន្លែងថែមទៀត នៅក្នុងភូមិឋានរបស់ពួកគាត់ ។

ថ្លែងប្រាប់ក្រុមការងារយកព័ត៌មានរបស់បណ្តាញសារព័ត៌មាន Fresh News ដែលបានចុះទៅយកព័ត៌មានផ្ទាល់ នៅទីតាំងដោះគ្រាប់បែក ស្ថិតនៅវត្តគគីរ និងសាលាបឋមសិក្សាគគីរ ទីដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ពីគ្រាប់បែកគីមីរបស់អាមេរិកនោះ លោកឧត្តមសេនីយ៍ឯក កេ ដា មិនអាចបញ្ជាក់ពីចំនួនថ្ងៃ ដែលប្រតិបត្តិការដោះគ្រាប់បែក ត្រូវបញ្ចប់នោះឡើយ ក៏ព្រោះតែមានករណីគ្រាប់បែកគីមីជាច្រើនទីតាំងទៀត ត្រូវបានប្រជាពលរដ្ឋរាយការណ៍ ដែលតម្រូវឲ្យមន្ត្រីជំនាញចាំបាច់ ត្រូវតែបំពេញការងារឲ្យខាងតែបាន ដើម្បីសេចក្តីសុខ និងសុវត្ថិភាពទំាងផ្លូវកាយ ទំាងផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា ជាក់ស្តែងបន្ទាប់ពីធ្វើប្រតិបត្តិការ ដោះគ្រាប់បែកគីមីចំនួនពីរគ្រាប់ នៅក្នុងបរិវេណវត្តគគីរ និងសាលាបឋមគគីរ ដែល១គ្រាប់បានរកឃើញ និងមួយគ្រាប់ទៀតកំពុងតែរុះរកនៅឡើយនោះ ស្រាប់តែមានករណីថ្មីពីរទៀត បានកើតឡើង ដែល១ទីតាំងគ្រាប់បែកគីមីនោះ ស្ថិតនៅក្នុងចំការដំឡូងមួយកន្លែង ដោយបានធ្វើឲ្យប្រជាពលរដ្ឋ៨នាក់ កំពុងរងគ្រោះដេកនៅមន្ទីរពេទ្យនៅឡើយ ខណៈ១ទីតាំងផ្សេងទៀត ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា ស្ថិតនៅក្នុងភូមិតាវាំង ឃុំគគីរផងដែរ។

លោកឧត្តមសេនីយ៍ឯក កេ ដា ដែលបាននិងកំពុងឈរជើងប្រតិបត្តិការដោះគ្រាប់បែក ចាប់តាំងពីប្រតិបត្តិការដំបូងរហូតដល់ថ្ងៃនេះ បានអះអាងទៀតថា មន្ត្រីជំនាញដែលរួមមាន មន្ត្រីស៊ីម៉ាក់ និងមន្ត្រី អាជ្ញាធរគីមី បានបង្កើតក្រុមការងារមួយ ដើម្បីចុះស្រង់ព័ត៌មានពីប្រជាពលរដ្ឋ តាមភូមិនានា នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីឲ្យដឹងច្បាស់ថា តើនៅក្នុងភូមិឋានរបស់ពួកគាត់ កន្លែងណាខ្លះ ដែលមាន ឬសង្ស័យថា មានគ្រាប់បែកគីមី។ ការកំណត់ព័ត៌មាននេះ និងជួយឲ្យមន្ត្រីជំនាញរបស់យើង ងាយស្រួលក្នុងការបើកប្រតិបត្តិការ ដោះគ្រាប់បែកគីមីទំាងនោះ។

ជាការកត់សម្គាល់ប៉ុន្មានថ្ងៃមកនេះ មន្ត្រីជំនាញរបស់ស៊ីម៉ាក់ និងអាជ្ញាធរមីន បានបំពេញការងារយ៉ាងយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះគ្រាប់បែក និងស្វែងរកគ្រាប់បែកគីមី ចេញពីភូមិឋាន របស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានសុវត្ថិភាព និងសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត ធ្លាប់រងទុក្ខជាច្រើនឆ្នាំ ដោយសារគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក។

ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គ្រប់មន្ត្រីជំនាញដែលឈរជើងនៅទីតាំងប្រតិបត្តិការ បានធ្វើការយ៉ាងមានទទួលខុសត្រូវបំផុត បើទោះបីជាពួកគាត់ត្រូវបូជាសេចក្តីរបស់ខ្លួន ត្រូវដេកហាលខ្យល់ ហាលភ្លៀង ធ្វើយ៉ាងណាក្តី ក៏ពួកគាត់មិនរុញរាឡើយ។ ចំណែកឯការចំណាយវិញ ក្នុងមួយថ្ងៃៗប្រតិបត្តិការដោះគ្រាប់បែនេះក៏ត្រូវចំណាយច្រើនដែរ ព្រោះត្រូវធានារ៉ាប់រង ការជម្លៀសប្រជាជន ចំនួនប្រមាណ១០០០នាក់ចេញពីលំនៅដ្ឋាន ដោយមានការផ្តល់អាហារថ្ងៃត្រង់ទៀតផង។

សូមជម្រាបថា នៅក្នុងឃុំគគីរ ស្រុករមាសហែក នៅក្នុងសម័យសង្គ្រោមវៀតណាមខាងជើង និងវៀតណាមខាងត្បូង ឃុំនេះទទួលរងនូវការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ ពីយន្តហោះរបស់សហរដ្ឋអាមេរិក ដែលគាំទ្រវៀតណាមខាងត្បូង ហើយគ្រាប់បែកទាំងនោះនៅតែបន្តគំរាមកំហែងសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរដល់សព្វថ្ងៃ៕

{IfMobile}

{ElseMobile}

{EndIfMobile}