(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំដើម្បីបញ្ជាក់ពីសេចក្តីសម្រេច នៃការបង្កើតគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុករៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និងការរៀបចំខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរៈភូមិន្ទ ឆ្នាំ២០១៧ ដែលរាជធានីភ្នំពេញទទួលជាម្ចាស់ផ្ទះ។
កិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ដឹកនាំដោយអភិបាលរងរាជធានីភ្នំពេញ ចំនួន៤រូបនេះ បានគូសបញ្ជាក់ថា ឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកា តាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋចូលរួមកម្សាន្ដសប្បាយរីករាយ អបអរសាទរប្រពៃណីទំនៀមទំលាប់ជាតិ ដោយមានបណ្តែតប្រទីប អុចកាំជ្រួច និងសំដែងសិល្បៈគ្រប់ទាំង៣ថ្ងៃ។
ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះឲ្យបានឱឡារឹក ស្របតាមលក្ខណៈប្រពៃណីជាតិ និងសភាពការណ៍សេដ្ឋកិច្ច ជាក់ស្តែងរបស់ប្រទេសជាតិ និងធានាសុវត្ថិភាព និងការសប្បាយផងនោះ រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតគណៈកម្មការ និងអនុគណៈកម្មការទទួលខុសត្រូវ តាមភារកិច្ចរៀងៗខ្លួនដើម្បីធានាថា ព្រះរាជពិធីនេះ ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។
អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំជារៀងស្នាក់នៅរបស់កម្លាំងចំណុះទូកដែលនឹងមកចូលរួម រួមទាំងការរៀបចំបង្គន់អនាម័យ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងឲ្យបានសមរម្យផងដែរ ហើយទីតាំងសម្រាប់ចំណុះទូកស្នាក់នៅឆ្នាំនេះ គឺស្ថិតនៅប៉ែកខាងជើងស្ពានជ្រោយចង្វារទាំងអស់ ដោយមិនអនុញ្ញាតិឲ្យមកស្នាក់នៅ ឬសំចតនៅប៉ែកខាងត្បូងស្ពានទេ។
តាមការឲ្យដឹងពីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិបញ្ជាក់ថា ចំនួនទូកង ទូកចែវ ដែលត្រូវចូលរួមប្រណាំងឆ្នាំ២០១៧នេះ មានចំនួន២៧០ទូក កើនលើសឆ្នាំ ទៅដែលមានតែ២៥៧ទូកប៉ុណ្ណោះ។
ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំឲ្យមានទីតាំងសប្បាយភាពចំនួន៥កន្លែងមាន ៖កោះពេជ្រ, មុខវត្តបុទមវត្តី, វត្តភ្នំ និងទីតាំងដែលកីឡាករចំណុះទូកស្នាក់នៅ និងសួនច្បារសម្តេចហ៊ុន សែន នៅត្រើយខាងកើតជ្រោយចង្វាត្រង់រូបសំណាក់ប្រាជ្ញាបារមី៕