(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅតាមប្រឡាយស្ទឹងមានជ័យ ជាង៥០០គ្រួសារ នឹងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ នៅពេលដែលការស្ថាបនាប្រឡាយ និងផ្លូវអមសងខាងប្រឡាយនេះ ស្ថានាបានរួចរាល់ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំតបណ្តាញទឹកស្អាត ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ រួមនឹងការដាក់បង្កោលភ្លើងសាធារណៈ នៅលើផ្លូវនេះថែមទៀត ដើម្បីឲ្យតំបន់នេះក្លាយជាទីក្រុងស្ទឹងមានជ័យ។
អាជ្ញាធររាជធានីភ្នំពេញ បានបង្ហាញពីគម្រោងនេះ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងវេទិកាសាធារណៈស្តីពីគម្រោងស្តារ និងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ដែលមានប្រជាពលរដ្ឋរងផលប៉ះពាល់ ជាង៥០០គ្រួសារ នៅក្នុងទីអារាមវត្តស្ទឹងមានជ័យ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការអភិវឌ្ឍនេះ មានប្រវែង១,៣៥០ម៉ែត្រ ដោយឆ្លងកាត់ខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យ និងខណ្ឌសែនសុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះ ចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះ នឹងទទួលបានដីទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។
ប្រឡាយស្ទឹងមានជ័យ នឹងត្រូវសាងសង់ឡើង ដោយបុកស៊ីផាយដូចនៅប្រឡាយបាក់ទូកដែរ ដោយត្រូវធ្វើផ្លូវ៦ម៉ែត្រ ជាប្រភេទផ្លូវបេតុង រៀបចំតបណ្តាញទឹក ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ ដាក់បង្កោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត ហើយប្រឡាយស្ទឹងមានជ័យនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្ចើម២ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះ និងក្រោយផ្ទះកន្លះម៉ែត្រ។
មន្ត្រីដដែលបានបន្តថា បើសំណង់នៅតែមិនរៀបរយបែបនេះ វានឹងបង្កឲ្យមានហានិភ័យច្រើនណាស់ ដូចជាមានអគ្គីភ័យជួយមិនបាន ដោយឡានទឹកចូលមិនរួច និងប៉ះពាល់អនាម័យបរិស្ថានធ្ងន់ធ្ងរ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ ដាច់ខាតត្រូវតែធ្វើការអភិវឌ្ឍន៍ និងទទួលបានផលប្រយោជន៍ឈ្នះទាំងអស់គ្នា។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ការបើកឲ្យមានវេទិកាសាធារណៈនេះឡើង មានគោលបំណង់ចង់ឲ្យប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់នៃគម្រោងខាងលើនេះ បានបញ្ចេញមតិយោបល់ និងការកង្វល់របស់ពួកគាត់ដើម្បីឲ្យអាជ្ញាធរបានជួយដោះស្រាយ និងសម្រួលជូនពួកគាត់ មុននឹងការដ្ឋាននេះចាប់ផ្តើមដំណើរការឡើង។
លោកបានបញ្ជាក់ទៀតថា ជាគម្រោងការបើកការដ្ឋាន នឹងត្រូវធ្វើឡើងជាតំណាក់ការៗ ហើយផ្ទះប្រជាពលរដ្ឋ ក៏ត្រូវរុះរើមកស្នាក់នៅជាបណ្តោះអាសន្ន នៅតាមតង់ជាតំណាក់ការផងដែរ ពោលគឺអាចប្រមាណ១០០គ្រួសារម្តង ហើយចំពោះពេលវេលាប្រជាពលរដ្ឋអាចស្នាក់នៅ ជាបណ្តោះអាសន្ននៅតាមតង់នេះ ប្រមាណ២ ទៅ៣ខែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក្តី ពាក់ព័ន្ធបញ្ហានេះ លោក មាន ចាន់យ៉ាដា បានសំណូមឲ្យប្រជាពលរដ្ឋទាំអស់ ចូលរួមជាមួយអាជ្ញាធរទាំងអស់គ្នា ដើម្បីជម្រុញការដ្ឋាននេះឲ្យបានលឿន និងឆាប់បានទទួលប្លង់កម្មសិទ្ធិស្របច្បាប់។
គួរបញ្ជាក់ថា ក្នុងវេទិកាសាធារណៈស្តីពីគម្រោងស្តារ និងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យនេះ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់បាន គាំទ្រយ៉ាងពេញទំហឹង និងជម្រុញឲ្យអាជ្ញាធរអនុវត្តការងារនេះ ឲ្យបានឆាប់បើទោះបីពួកគាត់ប្រឈម និងការលំបាកមួយចំនួន នៅពេលរុះរើផ្ទះរបស់ពួកគាត់ក៏ដោយ៕
{IfMobile}
{ElseMobile}
{EndIfMobile}