(ភ្នំពេញ)៖ ទីតាំងកែច្នៃម៉ូតូដែលទទួលបាន មកពីបទល្មើសមួយកន្លែង ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបបាន នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ នៅភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

លោកឧត្តមសេនីយ៏ទោប៉ុល រតនា និងលោកឧត្តមសេនីយ៏ទោនឹម ច័ន្ទតាណា អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលជាអ្នកដឹកនាំកម្លាំងចុះទៅសហការជាមួយ នគរបាលមូលដ្ឋានធ្វើការបង្ក្រាបទីតាំងកែច្នៃម៉ូតូ និងទទួលផលចោរកម្មខាងលើ បានអោយដឹងថាបន្ទាប់ពី កម្លាំងរបស់លោកស្រាវជ្រាវដឹង ក៏សុំបទបញ្ជាពីប្រធាននាយកដ្ឋាន និងការសម្របសម្រួលពីព្រះរាជអាជ្ញា និងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបជាក់ស្ដែងតែម្ដង។

ក្នុងកម្លាំងសមត្ថកិច្ចរបស់លោកបានធ្វើការ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ បទល្មើសបានចំនួន៧នាក់ ដកហូតសម្ភារៈរួមមាន៖ ១.រថយន្ត០២គ្រឿង ម៉ាក តូយូតា វីហ្គោ និងម៉ាក នីសាន់២កឹប ២.អាវុធខ្លីម៉ាក k៥៩ បង់០១ គ្រាប់០៦គ្រាប់ ៣.ម៉ូតូចំនួន០៦គ្រឿង ៤.ស្លាកលេខម៉ូតូចំនួន០៨ ៥.ស្លាកលេខឡាន ចំនួន០១ និងសម្ភារៈមួយចំនួនធំទៀត ។

លោកឧត្តមសេនីយ៏ប៉ុល រតនា បានអះអាងថា ទីតាំងកែច្នៃ និងទទួលផលចោរកម្មខាងលើ គឺជាប្រភពនាំអោយកើតមានបទល្មើសលួច ឆក់ប្លន់ ឆបោកជាដើម ព្រោះតែក្រុមជនប្រព្រឹត្តបទល្មើស ក្រោយធ្វើសកម្មភាពបានហើយ មានអ្នកចាំទទួលទិញយក ទៅកែច្នៃអោយខុសទ្រង់ទ្រាយដើមរួច ហើយបញ្ចេញលក់នៅលើទីផ្សារវិញ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីសួរចំលើយកសាង បទល្មើសបញ្ជូនទៅកាន់ តុលាការចាត់ការតាមច្បាប់៕