(ភ្នំពេញ)៖ មេសហជីពធំៗនៅកម្ពុជា ដែលតំណាងឲ្យកម្មករជិត៥០ម៉ឺននាក់ រួមមានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ថា NACC និងសហព័ន្ធសម្លេងយុវជនខ្មែរក្រោម នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការតម្លើងប្រាក់ខែជូនកម្មករ នៅឆ្នាំ២០១៨ រហូតដល់១៧០ដុល្លារ។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ​សូមថ្លែងអំណរគុណយន្តការត្រីភាគី ដែលមានតំណាងសហជីព តំណាងនិយោជក និងជាពិសេសតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាល ដែលបានដឹកនាំពិភាក្សា និងសម្របសម្រួលរហូតទទួលបានលទ្ធផលល្អ។

ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជារូបនេះ សូមអំពាវនាវដល់អ្នកបញ្ជាទិញគ្រប់ម៉ាកល្បីៗទាំងអស់ សូមបង្កើនការបញ្ជាទិញឲ្យបានច្រើន ជាអតិបរមាបន្ថែមទៀត ដើម្បីបង្កើនការងារដល់ប្រជាពលរដ្ឋកម្ពុជា និង​ជាពិសេសសូមតម្លើងតម្លៃទិញឲ្យបានសមរម្យ ដើម្បីឲ្យភាគីនិយោជកមានលទ្ធភាពផ្តល់អត្ថប្រយោជន៍ដល់កម្មករ ឲ្យបានប្រសើរជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោក ឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ ក៏បានចេញមកប្រកាសគាំទ្រ និងអបអរសាទរយ៉ាងឧឡារិក ចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិត ផ្នែកវាយណភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨។​

លោកបញ្ជាក់ថា ការសម្រេចដំឡើងប្រាក់ឈ្នួលនេះ បាន​បង្ហាញចេញពីគោលបំណងថែរក្សាស្ថេរភាព បរិយាកាសការងារឲ្យ ស្ថិតក្នុងសន្តិភាព ដើម្បីទាក់ទាញវិនិយោកថ្មីៗបន្ថែម និងលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនកម្មករ និយោជិក ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ ឲ្យកាន់តែប្រសើរឡើងថែមទៀត។

​ក្នុងនាម សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ (V.KY.U.F) តំណាងឲ្យសមាជិកសមាជិការទាំងអស់ ដែលកំពុងបម្រើការងារក្នុងវិស័យវាយភណ្ឌកាត់ដេរ និងផលិតស្បែកជើង ​សូម​គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចចំប្រឹងប្រែងរបស់​ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងលោក​ អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅ បងប្អូនកម្មករនិយោជិក និងក្រុមគ្រួសារ។

សូមបញ្ជាក់ថា គណៈកម្មការប្រឹក្សាការងារនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ និយោជិតផ្នែកវាយណភណ្ឌកាត់ដេរ និងផលិត​ស្បែកជើង សម្រាប់ឆ្នាំ២០១៨ខាងមុខនេះ ពី១៥៣ដុល្លារ ដល់១៧០ដុល្លារ ដោយចាប់អនុវត្តចាប់ពីខែមករាឆ្នាំ២០១៨។

សម្រាប់ កម្មករ និយោជិតផ្នែកវាយណភណ្ឌកាត់ដេរនិងផលិតស្បែកជើង នឹងទទួល​ប្រាក់ខែអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗពី១៨៧ដុល្លារ ដល់១៩៨ដុលា្លរ ដែលជាផ្នែកមួយជួយសម្រួលដល់ជីវភាព របស់កម្មករកាន់តែប្រសើរឡើង៕