(ភ្នំពេញ)៖ អន្តរជាតិលើននីង នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ បានដឹកនាំសិស្សានុសិស្សរបស់ខ្លួន រៀបចំពិធីរលឹកដឹងគុណគ្រូបង្រៀន ដើម្បីជាការនឹករលឹកដល់គុណគ្រូ ដែលខិខំបង្ហាត់បង្រៀននាពេលកន្លងមក។

នៅក្នុងឱកាសនោះ លោកគ្រូ អ្នកគ្រូ បានសម្តែង ក្តីរំភើប រំជើបរំជួល ដោយឃើញសិស្សានុសិស្សរបស់ខ្លួន បង្ហាញពីក្តីគោរពស្រលាញ់ ពោរពេញដោយចិត្តថ្លែងអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ ក្នុងការបង្ហាត់បង្រៀន ផ្ទេរចំណេះដឹងដល់ខ្លួន។

ដើម្បីបង្ហាញពីការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ បានជូនផ្កាផ្ញី ប័ណ្ណជូនពរ គ្រឿងភេសជ្ជៈ ផ្លែឈើ នំចំណី និងវត្ថុអនុស្សាវរិយ៍នានា ទៅកាន់លោកគ្រូ អ្នកគ្រូ របស់ខ្លួន រៀងៗខ្លួន។

តាមការឲ្យដឹងពីគណៈគ្រប់គ្រងសាលាអន្តរជាតិលើននីង បានឲ្យដឹងថា ការរៀបចំឲ្យមានកម្មវិធី នេះឡើង គឺមានបំណងចង់បំផុសស្មារតី លើកតម្លៃគ្រូបង្រៀន និងចង់ឲ្យសិស្សានុសិស្សទាំងអស់ មានក្រមសីលធម៌ល្អ ចេះគោរពគ្រូបង្រៀន ព្រោះគ្រូបង្រៀន ប្រៀបបានទៅនឹងឪពុកម្តាយទី២ របស់ខ្លួនដែរ និងដើម្បីថែរក្សាអត្តសញ្ញាណជាតិដ៏ទន់ភ្លន់របស់ខ្លួន ឲ្យបានថ្កុំថ្កើងឡើងថែមទៀត៕