(ភ្នំពេញ)៖ លោកស្រី ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា គិតត្រឹម៧ឆ្នាំចុងក្រោយនេះ ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ច បានផ្តល់អាជ្ញាបណ្ណជូនក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន សរុបចំនួន២១៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,៣៧៥លានដុល្លារអាមេរិក។

លោកស្រីថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាលើកទី១ ស្តីអំពី «ទិដ្ឋភាពច្បាប់ និងបទដ្ឋានគតិយុត្ត លើការវិនិយោគវិស័យសំណង់នៅកម្ពុជា» របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូកេត្រា។

លោកស្រី ងួន សុខា បានបញ្ជាក់យ៉ាងដូច្នោះថា «ក្នុងរយៈពេល០៧ឆ្នាំចុងក្រោយនេះ ដោយគិតចាប់ពីឆ្នាំ ២០១០ រហូតដល់ខែកញ្ញាឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អាជ្ញាបណ្ណជូនក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន សរុបចំនួន២១៣គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណ៣,៣៧៥លានដុល្លារអាមេរិក។ ក្នុងចំណោមគម្រោងដែលទទួលបានអាជ្ញាបណ្ណ ក្នុងនោះ គម្រោងបុរីមានចំនួន១៣២ គម្រោង ស្មើនឹង៣១,៩៩៧ផ្ទះ និងអាគារសហកម្មសិទ្ធិមានចំនួន៨១គម្រោង ស្មើនឹង២៩,៦១២បន្ទប់ (យូនីត)»។

លោកស្រីបន្ថែមថា វិស័យសំណង់ គឺជាចំណុចស្នូលដ៏សំខាន់មួយ នៃការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា ហើយមកទល់បច្ចុប្បន្ន ឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជា បានបង្កើតរហូតដល់ ប្រមាណ១ភាគ១០ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស និងបានបង្កើតការងារដោយផ្ទាល់ និងមិនផ្ទាល់សម្រាប់ប្រជាពលរដ្ឋជាច្រើន។ លើសពីនេះដោយសារ វិស័យសំណង់មានការចូលរួមជាច្រើន ពីសំណាក់សហគ្រាសធុនតូចនិងមធ្យម ដូច្នេះវិស័យនេះ បានបង្កើតប្រាក់ចំណូលដែលត្រូវបានបែងចែកយ៉ាងទូលំទូលាយ ធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែប្រកបដោយបរិយាប័ន្ន ។

ក្រៅពីនេះ លោកស្រី ងួន សុខា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមអនុវត្តច្បាប់ និងបទបញ្ញាត្តិពាក់ព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ជាសេនាធិការផ្ទាល់ ពិតជាគាំទ្រយ៉ាងខ្លាំង ចំពោះតួនាទីរបស់សមាគមក្នុងក្របខណ្ឌ នៃភាពជាដៃគូរវាងបញ្ញត្តិករ និងវិស័យឯកជន ដើម្បីជាប្រយោជន៍ នៃការអភិវឌ្ឍវិស័យអចលនវត្ថុនៅកម្ពុជា៕

{IfMobile}

{ElseMobile}

{EndIfMobile}