(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ចាប់តាំងពីរសៀល រហូតទល់យប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ ​ដឹកនាំមន្ទី​រជំនាញ និងមន្ត្រីមូលដ្ឋាន ចុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅតាមដងផ្លូវជាតិលេខ​៦ ត្រង់ម្តុំមុខភូមិវប្បធម៌ ក្រុងសៀមរាប ដោយបន្តកាយពង្រីកផ្លូវទឹកដើម្បីរំដោះទឹក ត្រង់ចំណុចមុខ និងក្រោយភូមិវប្បធម៌ ផ្លូវទៅព្រលានយន្ត ព្រមទាំងផ្លូវក្រវ៉ាត់ក្រុង និងផ្លូវផ្សេងៗទៀត ដែលធ្វើឲ្យស្ទះផ្លូវទឹកផងដែរ ។

​ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្តសៀមរាប ​ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួម​វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងនៅពេលមានភ្លៀងធ្លាក់ ធ្វើឲ្យហូរចូលក្នុងលូបណ្តាឲ្យស្ទះផ្លូវទឹក ជាពិសេសនៅពេលបងប្អូនសាងសង់ផ្លូវកាត់ប្រឡាយដើម្បីចូលផ្ទះ សូមដាក់លូឲ្យបានត្រឹមត្រូវ តាមបច្ចេកទេសដែលអាជ្ញាធរបានកំណត់ ព្រោះថាពេលដាក់លូខុសបច្ចេកទេស ក៏អាចធ្វើឲ្យមានការស្ទះចរន្តទឹកហូរដែរ។

ជាមួយគ្នានោះ​ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលជួបបញ្ហាជំនន់ទឹកភ្លៀងនេះបានថ្លែងអំណរគុណ​ដល់ លោក ឃឹម ប៊ុនសុង អភិបាលខេត្តដែលបានយកចិត្តទុកដាក់ចុះ ជួយដោះស្រាយបញ្ហាជូនពួកគាត់បានទាន់ពេលវេលា ដោយមិនបណ្ដោយឲ្យពួកគាត់លំបាកឡើយ។

សូមជម្រាបថា រហូតមកដល់ម៉ោង​៩​យប់ ថ្ងៃទី០៥ ខែតុលា​នេះ ​ជំនន់ភ្លៀងដែលបានជន់នោះបានស្រកច្រើន ប្រសិនបើយប់នេះគ្មានភ្លៀងធ្លាក់ទេ ទឹកនឹងស្រកអស់នៅថ្ងៃស្អែកជាក់ជាមិនខាន៕

{IfMobile}

{ElseMobile}

{EndIfMobile}