(ភ្នំពេញ)៖ លោក លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Dato’ Adissadikin Ali ប្រធានធនាគារ RHB ឥណ្តូឆៃណា របស់ម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីបង្កើតធនាគារឥស្លាមមួយនៅកម្ពុជា ខណៈដែលសាខាធនាគាមួយនេះ ក៏មានវត្តមាននៅកម្ពុជា រួចទៅហើយ កំពុងដំណើរការបែបធនាគារទូទៅយ៉ាងល្អផងដែរ។
លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ស្របនឹងឧស្សាហកម្មហាឡាល កំពុងតែត្រូវបានយកចិត្តទុកដាក់រៀបចំ ឲ្យដំណើរការឆ្ពោះទៅកាន់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា គឺឧស្សាហកម្មមួយនេះ នឹងត្រូវបានភាគីវិនិយោគផ្តោតសំខាន់ ទៅលើលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការរក្សាគុណភាព ក៏ដូចជាការចេញវិញ្ញាបនបត្រហាឡាល និងតើមានវត្តមានរបស់ធនាគាឥស្លាម ហើយឬនៅ? ទោះបីយ៉ាងណា នេះមិនមែនមានន័យថា ចាំបាច់ត្រូវតែមានធនាគាឥស្លាម ទើបអាចដំណើរការការអភិវឌ្ឍន៍វិស័យហាឡាលនោះទេ គ្រាន់តែធនាគារឥស្លាម គឺជាផ្នែកមួយសំខាន់ ដែលសាកសម នឹងអ្នកវិនិយោគងាយនឹងទទួលយកបាន ដើម្បីឲ្យដំណើរការវិនោយោគរបស់គេ ប្រព្រឹត្តទៅមានលក្ខណៈបែបឥស្លាម អនុឡោមនឹងក្រឹតក្រម របស់ហាឡាលដែលចង់បាន។
លោក អូស្មាន ហាស្សាន់ បានបង្ហាញពីឱកាសវិនិយោគវិស័យនានា ជាពិសេសវិស័យធនាគារនៅកម្ពុជា ក្នុងរយៈពេលជាង២ទស្សវត្សចុងក្រោយនេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈលើគ្រប់វិស័យ ជាពិសេសការរក្សាបាននូវស្ថេរភាពពេញលេញ ស្ថេរភាពបនយោបាយរឹងមាំ កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ក្នុងអត្រាជាមធ្យមជាង៧% ក្នុងមួយឆ្នាំ ដែលបានធ្វើឲ្យអត្រាក្រីក្រហក់ថយចុះយ៉ាងលឿនជាទីបំផុត ដែលកាលពីឆ្នាំ២០០៤ មានជាង៥០ភាគរយ មកនៅជាង១០ភាគរយប៉ុណ្ណោះនៅបច្ចុប្បន្ន។
តាមការបញ្ជាក់បន្ថែមរបស់ លោកអូស្មាន ហាស្សាន់ ក៏បានឲ្យដឹងដែរថា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភាគីវិនិយោគ ដែលមានបំណងវិនិយោគអនុឡោម នឹងក្របខណ្ឌឥស្លាម លោកកំពុងខិតខំប្រឹងសហការនឹងស្ថាប័នធនាគារ និងមីក្រូហរិញ្ញវត្ថុឥស្លាមឲ្យមានវត្តមាននៅកម្ពុជា ជាពិសេសថ្មីៗនេះ លោកក៏បានចាត់បញ្ជូនឲ្យ បេក្ខជនជាបញ្ញវ័ន្តមុស្លិមកម្ពុជា១៦រូប ដែលបញ្ចប់ការសិក្សាផ្នែកហិរញ្ញវត្ថុ ដើម្បីទៅទទួលការបំពាក់បំប៉នជំនាញហិរញ្ញាវត្ថុឥស្លាម បន្ថែមនៅប្រទេសម៉ាឡេស៊ី ដោយសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុឥស្លាម Amanah Ikhtiar Malaysia (AIM) ជាភាគីដៃគូរសហការដែលនឹងបើក ឲ្យដំណើរការនៅកម្ពុជាក្នុងពេលឆាប់នេះ បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រួចកាលពី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។
ក្នុងពេលជាមួយនេះដែរ លោករដ្ឋមន្រ្តីប្រតិភូ ក្នុងនាមថ្នាក់ដឹកនាំឥស្លាមនៅកម្ពុជា បាននិងកំពុងទំនាក់ទំនងជាមួយ មូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចឥស្លាមម៉ាឡេស៊ី (YAPEIM) ដើម្បីដាក់ឲ្យដំណើរការគ្រឹះស្ថាន កុងស៊ីបញ្ចាំបែបឥស្លាម Ar Rahnu។ លោកបញ្ជាក់បន្ថែមថា ទាំងធនាគារឥស្លាម ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥស្លាម គឺមិនមែនសម្រាប់បម្រើដល់សេវាកម្មកម្ចីឥណទាន ដល់អ្នកកាន់សាសនាឥស្លាមតែប៉ុណ្ណោះទេ តែវាគឺជាការផ្តល់ជូនសម្រាប់ជូនរួមជាតិ និងអន្តរជាតិជាទូទៅ គ្រាន់តែអនុឡោមតាមក្រិតក្រមឥស្លាម ហើយក៏មានលក្ខខណ្ឌលើកលែងច្រើនដល់អតិថិជន ជាពិសេសវាពុំមានការយកការប្រាក់ទេ គ្រាន់តែមានសេវាកម្មតម្លៃសមស្របបំផុត ដែលអាចឲ្យអតិថិជនងាយនឹងទទួលយកបានប៉ុណ្ណោះ។
ទោះបីយ៉ាងណា ការដាក់ឲ្យដំណើរការដោយរលូនវិស័យបែបហិរញ្ញវត្ថុឥស្លាមនេះ លោកអូស្មាន ហាស្សាន់ បានបង្ហើបឲ្យដឹង ពីកិច្ចទំនាក់ទំនងឲ្យផ្តល់ការជ្រោមជ្រែង យ៉ាងខ្លាំងពីសំណាក់ ធនាគារអភិវឌ្ឍន៍ឥស្លាម IDB ដែលជាភាគីដៃគូ នៅស្វាគមន៍ជានិច្ច ក្នុងកិច្ចសហការលក្ខខណ្ឌបច្ចេកទេស និងដើមទុនមួយចំនួនសម្រាប់ដំណើរបានរលូន និងមានប្រសិទ្ធភាព។
លោក Dato’ Adissadikin Ali បានបង្ហាញពីគោលជំហរបស់ខ្លួន ឆ្លើយតបនឹងឱកាសដ៏ប្រពៃនេះ គឺពិនិត្យលទ្ធភាពពន្លឿនមួយផ្នែកទៀត របស់ធនាគារ RHB ឥណ្ឌូឆៃណា ឲ្យមានហិរញ្ញវត្ថុបែបឥស្លាមនៅកម្ពុជា ដើម្បីលើកកម្ពស់កំណើនវិនិយោគគ្រប់ជាតិសាសន៍ តាមរយៈធនាគាររបស់លោក និងចូលរួមទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា ឲ្យមានការរីកចម្រើន។
លោកអគ្គនាយក បានលើកពីគម្រោងវិនិយោគ២ផ្សេងទៀត ក្រៅពីផ្នែកហិរញ្ញវត្ថុឥស្លាម គឺការវិនិយោគវិស័យឧស្សាហកម្មហាឡាល និង ការវិនិយោគវិស័យអចលនទ្រព្យ ខណៈដែលស្របពេលនេះ គណៈប្រតិភូដែលអមដំណើររូបលោក រួមមានសមាសភាពពី សភាពណិជ្ជកម្មម៉ាឡេស៊ី និងបណ្តាអ្នកវិនិយោគសំខាន់ជាច្រើនរូប ពីប្រទេសម៉ាឡេស៊ី ដើម្បីសិក្សាស្វែងយល់កាន់តែស៊ីជម្រៅ ពីឱកាសវិនិយោគនៅកម្ពុជា៕
{IfMobile}
{ElseMobile}
{EndIfMobile}