(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានថ្លែងជំរុញ និងលើកទឹកចិត្ដ ដល់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសចំនួន៣៦រូប ដែលបានជាប់ជយលាភី អាហារូបករណ៍ DFMS(A) (Diplome de Formation Specialisee) របស់សាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល ដែលត្រូវទៅបន្ដការសិក្សានៅប្រទេសបារំាងរយៈពេល១ឆ្នាំ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យចប់ជាស្ថានពរ និងទទួលយកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗទាក់ទងនឹងឯកទេសរបស់ខ្លួន នៅពេលសិក្សានៅប្រទេសបារំាង ហើយត្រូវយកមកចែករំលែក ដល់សិស្សនិស្សិតរបស់យើងវិញ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា។
រដ្ឋមន្ដ្រីម៉ម ប៊ុនហេង បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលត្រូវបន្ដការសិក្សា នៅប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០១៧-២០១៨ នៅថ្ងៃទី០៥ ខែតុលា នាសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល ដែលមានការអញ្ជើញចូលរួម ពី ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំង លោកស្រី Eva Nguyen Binh និងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក ភ្ញៀវជាតិ-អន្តរជាតិ ជាច្រើនរូប។
រដ្ឋមន្ដ្រីបន្ដថា «យើងខ្ញុំ ពិតជាសប្បាយចិត្ដណាស់ ដែលបានឃើញកូនក្មួយនិស្សិត ទទួលបានជយលាភីអាហារូបករណ៍ ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ តាមឯកទេសរៀងៗខ្លួន រហូតទទួលបាននូវការជ្រើសរើស ឲ្យទៅធ្វើការសិក្សានៅប្រទេសបារាំង រយៈពេល១ឆ្នាំ ដែលចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នំា២០១៧ខាងមុខនេះ ដែលនេះ បង្ហាញឲ្យឃើញ ពីធនធានមនុស្សដ៏ប្រសើរ សម្រាប់សង្គមជាតិយើង ក៏ដូចជាការអភិវឌ្ឍន៍វិស័យសុខាភិបាល នៅថ្ងៃអនាគតផងដែរ»។
ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានថ្លែងថា «និស្សិតចំនួន៣៦នាក់ ដែលនឹងបន្ដការសិក្សា នៅប្រទេសបារំាងខាងមុខនេះ គឺមាននិស្សិតស្រីចំនួន១១នាក់ និងនិស្សិតប្រុសចំនួន២៥នាក់ ហើយនិស្សិតទាំងអស់នេះ សុទ្ធជានិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសទាំងអស់ ដែលបានទទួល ការប្រកាសលទ្ធផល ជាប់ជាស្ថាពរ អំពីសំណាក់ការិយាល័យកណ្តាល «Bureau central de DFMS(A) à la Faculté de Médecine de Strasbourg, France» និងត្រូវបានអនុញាតឲ្យទៅបន្តការសិក្សាDFMS(A)នៅប្រទេសបារំាង ក្នុងរយៈពេល១ឆ្នាំ ដោយមានការចុះឈ្មោះ នៅសាកលវិទ្យាល័យ នៃទីក្រុងនានា ជាមុន រួចចុះធ្វើកម្មសិក្សាFFI នៅតាមមន្ទីរពេទ្យផ្សេងៗ នៃប្រទេសបារាំង ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨» ។
លោសាស្ដ្រាចារ្យបន្ដថា មុននឹងជាប់អាហារូបករណ៍DFMS(A)នេះ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ព្រោះការជ្រើសរើសអាហារូបករណ៍នេះ ត្រូវឆ្លងកាត់២ដំណាក់កាល គឺវគ្គជម្រុះPré-sélection de Dossier Nº ១នៅក្នុងខែមករាមួយលើក និងវគ្គផ្តាច់ព្រ័ត Sélection Finale de Dossier Nº 2 ដែលបានប្រព្រឹត្តទៅ នៅក្នុងខែមេសា ដោយឆ្លង កាត់ការពិនិត្យសមត្ថភាព ផ្នែកកម្រិតយល់ដឹងភាសាបារាំងDELF B2ផងដែរ ។
ចាប់តាំងពីឆ្នាំ១៩៩៦ រហូតមកដល់ឆ្នាំ២០១៧ នេះ មាននិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល ចំនួន៦៥៥ នាក់ហើយ ដែលត្រូវបានបញ្ជូន ឲ្យទៅបន្តការសិក្សាឯកទេស នៅប្រទេសបារាំង ៕
{IfMobile} {ElseMobile} {EndIfMobile}