(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះព័ត៌មានថា លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគាបសង្កត់ទៅលើសាកលវិទ្យាល័យនានា ដើម្បីទទួលបានអាហារូបករណ៍សម្រាប់ចែកជូនកូនចៅថ្នាក់ដឹកនាំ និងមន្ដ្រីខុទ្ទកាល័យបានសិក្សាដោយមិនបង់ថ្លៃ។

តាមបំភ្លឺដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សូមបដិសេធទាំងស្រុងនូវការរិះគន់ ដែលគ្មានមូលដ្ឋានខាងលើនេះ និងសូមបំភ្លឺជូនមតិសាធារណជនឲ្យបានជ្រាបថា កន្លងមកម្ចាស់គ្រឹះស្ថានដែលជាសមាជិកសមាគមបានផ្ដល់អាហារូបករណ៍ជូនដល់សិស្ស-និស្សិតដោយស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំពីស្ថាប័នណាមួយឡើយ»។

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានអះអាងថា ការផ្ដល់អាហារូបករណ៍ទាំងអស់នេះ គឺធ្វើឡើងដោយមនសិការជាតិ និងមានឧត្តមគតិខ្ពស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី និងមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ដើម្បីអភិវឌ្ឍប្រទេសឲ្យបានរីកចម្រើនរុងរឿងបន្ថែមទៅអនាគត។

ការចេញមកច្រានចោល របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ធ្វើឡើងបន្ទាប់ពី ទំព័រ Facebook របស់បុគ្គល Chham Chhanny បានប្រឌិតព័ត៌មានមួយដោយថា នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់អំណាចដើម្បីស្នើសុំអាហារូបករណ៍ពីសាលានានា សម្រាប់ផ្តល់ជូនកូនៗរបស់មន្រ្តីខុទ្ទកាល័យ៕