(តាកែវ)៖ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រួមទាំងសមត្ថកិច្ច នៃភូមិទាំង១៣ ក្នុងឃុំកុមារាជា ខេត្តតាកែវ។
ការចុះសំណេះសំណាលនេះ ដើម្បីត្រួតពិនិត្យការងារនានាក្នុងឃុំ ជាពិសេសបញ្ហាភូមិឃុំមានសុវត្ថិភាព ការធ្វើបច្ចុប្បន្នភាពសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលទើបគ្រប់អាយុបោះឆ្នោតឆ្នាំ២០១៨ ព្រមទាំងជំរុញឲ្យយុវជន-យុវនារី ក៏ដូចជាប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះ សូមទៅចុះឈ្មោះ បោះឆ្នោតឲ្យបានគ្រប់គ្នា។
បន្ទាប់ពីមេឃុំកុមារាជា លោក ចាន់ សុខន បានឡើងធ្វើរបាយការណ៍ជូនអង្គពិធីអំពី សកម្មភាព ការងារមួយចំនួន ដែលអាជ្ញាធរភូមិឃុំ បាននិងកំពុងអនុវត្តន៍ដែលជាពិសេស ការផ្តល់សេវាសាធារណៈ និងការបន្តអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះ ឆ្នោតសម្រាប់ឆ្នាំ២០១៧ រួចមកលោក ស្វាយ ស៊ីថា ក៏បានដាក់ចេញ នូវផែនការសកម្មភាពមួយចំនួនដើម្បីជំរុញ ការចុះធ្វើបច្ចុប្បន្នភាពសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗ ក្រុមគ្រួសារ ជាពិសេសយុវជន ដែលត្រូវដល់អាយុបោះឆ្នោត នៅឆ្នាំ២០១៨ខាងមុខ។
លោកបន្តថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចត្រូវរៀបចំផែនការ សកម្មភាពការងារអភិវឌ្ឍន៍គ្រប់ភូមិ នៅទូទាំងឃុំកុមាររាជា ឲ្យបានច្បាស់លាស់ ដើម្បីធានានូវការអភិវឌ្ឍន៍ និងការរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយមិនប្រកាន់ និន្នាការយោបាយណាឡើយ។
នៅក្នុងឱកាសជួបសំណេះសំណាលនោះដែរ លោក ស្វាយ ស៊ីថា ក៏បាននាំយកនូវថវិកាចំនួន២,០០០,០០០រៀល ជូនដល់មេឃុំកុមាររាជា ដើម្បីចាត់ចែងចំណាយបម្រើឲ្យការងារនានា នៅក្នុងឃុំ និងជូនថវិកា ចំនួន៤០០,០០០រៀល ដល់មេប៉ុស្តិ៍នគរបាលឃុំ ដើម្បីបម្រើការងារចុះល្បាត ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកក៏បានផ្តល់ជូនវិទ្យុទាក់ទង ចំនួន១៥គ្រឿង ដែលជាអំណោយរបស់ លោក សុខ ពុទ្ធីវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ដើម្បីបែងចែកដល់ប្រជាការពារក្នុងភូមិទាំង១៣ ព្រមទាំងជូនប្រតិទិន្នឆ្នាំ២០១៨ ចំនួន៦,០០០ផ្ទាំង សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋផងដែរ៕