(ភ្នំពេញ)៖ មនុស្សចំនួន២នាក់ ត្រូវបានព្រះរាជអាជ្ញារងតុលាការយោធាធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី ឆ្លៀតឱកាសឆបោកយកលុយក្នុងការជ្រើសរើសពលទាហានបំពេញក្របខណ្ឌ ឱ្យយោធភូមិភាគទី១កងទ័ពជើងគោក។ នេះបើយោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការស្រាវជ្រាវករណីជនខិលខូច ដែលបានឆ្លៀតឱកាសប្រើវិធីយកលុយពីការជ្រើសរើសកងទ័ព បំពេញក្របខណ្ឌឱ្យយោធភូមិភាគទី១ កងទ័ពជើងគោក។

ការចាប់ខ្លួនជនឆ្លៀតឱកាសឆបោកយកលុយក្នុងការជ្រើសរើសពលទាហាន បំពេញក្របខណ្ឌឱ្យយោធភូមិភាគទី១ កងទ័ពជើងគោកបានធ្វើឡើងកាលពីល្ងាច ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីមានការប្តឹងពីសំណាក់បេក្ខជនដាក់ពាក្យសុំបម្រើកងទ័ពបំពេញក្របខណ្ឌឱ្យយោធភូមិភាគទី១កងទ័ពជើងគោកពីរឿងនាំពួកគេចូលធ្វើកងទ័ពនិងបានកណត់យកប្រាក់ក្នុងម្នាក់៥៥០ដុល្លារ និងក្រោមការស៊ើបអង្កេត និងដឹកនាំសម្របសម្រួលពី លោក ម៉ែន ហុង ព្រះរាជអាជ្ញារងតុលាការយោធា។

ជនឆ្លៀតឱកាសឆបោកយកលុយក្នុងការជ្រៀសរើសកងទ័ពបំពេញក្របខណ្ឌឱ្យយោធភូមិភាគទី១កងទ័ពជើងគោកដែលត្រូវចាប់ខ្លួននេះ គឺមានចំនួន២នាក់រួមមានទី១វរៈសេនីឯក ហេង រិទ្ធី និងទី២ វរៈសេនីយ៍ត្រី ម៉ាន ម៉ាត់។ បច្ចុប្បន្នជនជាប់ចោទទាំង០២នាក់ខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការយោធានៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ចាត់ការតាមផ្លូវច្បាប់ក្រោមការចោទប្រកាន់អំពីករណីជ្រើសរើសទ័ពដោយគ្មានបទបញ្ជានិងករណីឆបោក។

សូមបញ្ជាក់ថា៖ គណៈកម្មការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌអោយយោធភូមិភាគទី១ បានចេញសេចក្តីជូនដំណឹងស្តីពីទប់ស្កាត់និងចាត់វិធានការចំពោះបុគ្គលឆ្លៀតឱកាសមួយចំនួនដែលឆ្លៀតឱកាសកេងចំណេញនៅក្នុងដំណើរការជ្រើសរើសកងទ័ពបំពេញក្របខណ្ឌឱ្យយោធភូមិភាគទី១កងទ័ពជើងគោក។ គណៈកម្មការក៏បានធ្វើការបញ្ជាក់ថា រាល់ការស្ម័គ្រចិត្តដាក់ពាក្យសុំបម្រើការក្នុងកងយោធពលខេមរភូមិន្ទនេះគឺមិនតម្រូវឱ្យបេក្ខជនបង់ប្រាក់ឡើយដោយគិតចាប់ពីការដាក់ពាក្យរហូតសម្រេចចូលក្របខណ្ឌរួមទាំងការសុខភាព កាយសម្បទា និងលិខិតស្នាមផ្សេងៗ។ រាល់បុគ្គលដែលប្រព្រឹត្តទៅនឹងគោលការណ៌ខាងលើត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕