(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ជាពិសេសអ្នករកស៊ីដឹកជញ្ជូន ដែលឧស្សាហ៍ធ្វើដំណើរឆ្លងកាត់ស្ពានព្រែកព្នៅរបស់លោកឧកញ៉ា លី យ៉ុងផាត បានបង្ហាញអំណរសាទរ និងរីករាយខ្លាំង បន្ទាប់ពីពួកគេបានទទួលព័ត៌មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាទិញយកស្ពានព្រែកព្នៅពីឧកញ៉ា លី យ៉ុងផាត ឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនយកប្រាក់។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ បានប្រកាសថា សម្តេចបានទិញយកស្ពាន និងផ្លូវពីលោកឧកញ៉ា លី យ៉ុងផាត បើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយមិនគិតប្រាក់ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះតទៅ។

ស្ពានព្រែកព្នៅ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ បានយកគ្រប់រថយន្តដែលធ្វើដំណើរឆ្លងកាត់ស្ពានមួយនេះ តែមិនយកសម្រាប់អ្នកធ្វើដំណើរតាមម៉ូតូ ឬ ម៉ូតូកង់បីនោះឡើយ។ តារាងកំណត់តម្លៃបានបង្ហាញថា រថយន្តប្រភេទទេសចរណ៍/តាក់ស៊ីធន់តូចបង់តម្លៃ ៥៧០០រៀល, រថយន្តប្រភេទ Pick Up បង់តម្លៃ ៦៨០០រៀល, រថយន្តប្រភេទ ១២-១៥កៅអី/ រថយន្តដឹកជញ្ជូនកង់៦ បង់ថ្លៃ ១២,៧០០រៀល, រថយន្តប្រភេទ ២៤-២៥កៅអី បង់ថ្លៃ ១៧,០០០រៀល ហើយរថយន្តដឹកជញ្ជូនកង់១០ បង់ថ្លៃ ១៨,០០០រៀល និងរថយន្តដឹកជញ្ជូនលើសពីកង់១០ បង់ថ្លៃ ៣៤,០០០រៀល។

ប្រជាពលរដ្ឋ ក៏ដូចជាអ្នករកស៊ីដឹកជញ្ជូន បានថ្លែងថា ការបញ្ឈប់យកប្រាក់សម្រាប់ធ្វើដំណើរឆ្លងកាត់ស្ពានព្រែកព្នៅ និងផ្លូវតភ្ជាប់នោះ នឹងជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ពួកគេ ហើយក៏នឹងរួមចំណែកឲ្យជីវភាពរបស់ពួកគេបានល្អប្រសើរផងដែរ។

ទាំងប្រជាពលរដ្ឋ និងអ្នករកស៊ីដឹកជញ្ជូន បានសម្តែងការដឹងគុណសម្តេចតេជោ ហ៊ុន សែន ហើយបានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូប ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ស្ពាន លី យ៉ុងផាត់ បានដាក់សម្ពោធឲ្យប្រើប្រាស់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន LYP Group ទឹកប្រាក់សរុបចំនួន ៤៣លានដុល្លារអាមេរិក។ ស្ពាននេះ មានបណ្តោយ៩៩៦ម៉ែត្រ និងទទឹង១៤ម៉ែត្រ តភ្ជាប់ពីផ្លូវកប់ស្រូវ (ត្រើយខាងលិចបឹងទន្លេសាប) ទៅចំនុចស្ពានទី៦ ផ្លូវជាតិ៦A (ត្រើយខាងកើតបឹងទនេ្លសាប) ដែលតំរូវឲ្យមានការសាងសង់ផ្លូវបេតុងប្រវែង៨១៧០ម៉ែត្រ ភ្ជាប់ពីគល់ស្ពានត្រើយខាងកើត ទៅផ្លូវជាតិលេខ៦A។

ក្រៅពីស្ពានព្រែកព្នៅនេះ កាលពីប៉ុន្មានឆ្នាំមុនសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចដកហូតផ្លូវលេខ២០០៤ ផ្លូវវ៉េងស្រេង និងផ្លូវជាតិលេខ៤ ពីក្រុមហ៊ុនវិនិយោគ មកឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនបង់ប្រាក់វិញផងដែរ។ កាយវិការគិតពីការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋនេះ ធ្វើឲ្យប្រជាពលរដ្ឋពេញចិត្តពេញថ្លើមជាខ្លាំង៕

{IfMobile}

{ElseMobile}

{EndIfMobile}