(ភ្នំពេញ)៖ ស្ថានទូតជប៉ុន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញក្រុមយុជនឆ្នើមចំនួន៦ក្រុមចុងក្រោយដើម្បីទៅប្រកួតប្រជែង​ផ្លាស់ប្តូរយុវជន Jenesys ២០១៧ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ នៅសាលអង្គ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។

លោក ជឹក លឹម អនុប្រធាននាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ឆ្លងតាមការប្រកួតប្រជែងស្នាដៃរបស់ក្រុមយុវជន ចំនួន១២ក្រុម មកពីបណ្តាសកលវិទ្យានានា ក្នុងប្រទេសកម្ពុជាល្ងាចនេះ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ចំនួន៦ក្រុម ដើម្បីទៅប្រកួតប្រជែងផ្លាស់ប្តូរយុវជន Jenesys ២០១៧ នៅប្រទេសជប៉ុន។ ចំណុចដែលវាយតម្លៃពីភាពជោគជ័យយុវជន៦ក្រុមនេះដោយផ្អែកលើ ចំណុច​៣ជាគោល គឺទី១៖ ភាពល្អឯកមានចំណេះ ទី២៖ ភាពទាក់ទាញរបស់ពួកគេដែលធ្វើការងារជាក្រុម និងទី៣៖ កិច្ចការរផ្សេងដទៃទៀតផងដែរ។ ក៏បានមើលឃើញផងដែរថា កម្មវិធី JENESYS នេះ នឹងចូលរួមជំរុញឲ្យទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែមានភាពល្អប្រសើរ ជាពិសេសទំនាក់ទំនងរវាងយុវជន យុវនារី ដែលជាអ្នកជំនាន់ថ្មីក្នុងការបន្តវេណដឹកនាំប្រទេសជាតិ។

លោក ជឹក លឹម បានបន្តថា យុវជនទាំង៦ក្រុម ដែលទទួលបានជ័យលាភី បានសម្គាល់ឲ្យឃើញថាក្រុមដែលបានលើកប្រធានបទបង្ហាញពី ស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីយកទៅបង្ហាញដល់បណ្តាប្រជាជាតិនៅលើពិភពលោកឲ្យស្គាល់កម្ពុជាកាន់តែច្បាស់បន្ថែមទៀត។ ដូច្នេះក្រុមដែលទទួលបានជ័យលាភី គឺពួកគេមានគំនិតច្នៃប្រឌិត និងទេពកោសល្យដ៏ល្អឯកចេញពីបេះដូងពិតរបស់ពួកគេចំពោះអ្នកដទៃ និងជនរួមជាតិទាំងមូល។ ទាំងនេះជាចំណុចមួយដែលបង្ហាញពីភាពរីកចម្រើននៃចំណេះដឹងរបស់យុវជនខ្មែរបង្ហាញឲ្យបរទេសបានឃើញ។

លោក ជឹក លឹម បានបញ្ជាក់ថា ក្រុមយុវជនយើងបានរំលេចនូវអត្ថសញ្ញាណរបស់កម្ពុជា ឲ្យលេចធ្លោឡើងពីភាពឈ្លាសវៃ សីលធម៌ និងតម្លៃរបស់យុវជនរបស់កម្ពុជាទៅបង្ហាញ និងចែករំឡែកបទពិសោធន៍ល្អៗពីទម្លាប់ វប្បធម៌ប្រពៃណីក្នុងកម្មវិធី Jenesys ២០១៧ នេះគឺជាកម្មវិធីផ្លាស់​ប្តូរចំណេះដឹងពីគ្នាទៅវិញទៅមករវាងយុវជន នៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដោយយកតម្លៃដ៏ល្អផូរផង់របស់ខ្មែរ ទៅបង្អូតឲ្យបរទេសបានឃើញកាន់តែច្បាស់ថែមទៀត។

តំណាងយុវជនដែលទទួលបានជ័យលាភី ក្នុងកម្មវិធីផ្លាស់ប្តូរយុវជន Jenesys ២០១៧ នឹងប្តេជ្ញាចិត្តយកនូវវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា ទៅបង្ហាញឲ្យបរទេសបានឃើញថា កម្ពុជាប្រទេសដែលមានវប្បធម៌ដ៏ចំណាស់មួយក្នុងនៅលើពិភពលោក។

សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានបង្កើតកម្មវិធី JENESYS ឡើងកាលពីឆ្នាំ២០០៧ កន្លងទៅ ក្នុងគោលបំណងជំរុញការយល់ដឹង និងទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោមយុវជន និងប្រជាជនជប៉ុន ជាមួយយុវជនបណ្តាប្រទេសដែលចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ ក្នុងមួយឆ្នាំៗ មានយុវជនប្រមាណជា ៦ពាន់នាក់ ត្រូវបានអញ្ជើញទៅកាន់ ប្រទេសជប៉ុនក្រោមកម្មវិធី JENESYS នេះ៕

{IfMobile}

{ElseMobile}

{EndIfMobile}