(ពោធិ៍សាត់)៖ ការដើរចេញពីគណបក្សសង្គ្រោះជាតិ (CNRP) បានផ្ទុះឡើងសារជាថ្មី ដោយសារតែពួកគេអស់ជំនឿលើក្បាលម៉ាស៊ីនដឹកនាំ មានជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ដែលមិនអាចលើកលែងឲ្យបាន។

ជាក់ស្តែងនាពេលថ្មីៗនេះ សមាជិក និងសកម្មជនសំខាន់ៗ របស់គណបក្សសង្គ្រោះជាតិ (CNRP) ប្រមាណ១៣៩នាក់ មកពីភូមិដូនអី សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានសម្រេចចិត្តចាកចេញពីបក្ស ហើយមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា (CPP) ដែលពិធីប្រកាស ត្រូវបានធ្វើឡើងនៅបរិវេណផ្ទះលោក ម៉ៅ វ៉ាន និងលោកស្រី ឃៀក ប៊ុនធី ស្ថិតក្នុងភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ក្រោមវត្តមានលោកស្រី ជុក សុផានី សមាជិកគណបក្សខេត្ត លោក សំរិទ្ធ អេង ប្រធានគណបក្សក្រុង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

លោក សំរិទ្ធ អេង ប្រធានគណបក្សក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលសមាជិក CNRP បានសម្រេចចិត្តចាកចេញ មកចូលរួមការងារ ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈសកម្មភាពមនុស្សធម៌ជាក់ស្តែងរបស់លោក ម៉ៅ វ៉ាន និងលោកស្រី ឃៀក ប៊ុនធី អាជីវករត្បូងពេជ្រប៉ៃលិន។ លោកប្រធានគណបក្សក្រុង បានថ្លែងថា «ការចាកចេញខាងលើនេះ ដោយសារតែពួកគេ ខកចិត្តនឹងថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ បានចាកចេញពីកម្ពុជាជាបន្តបន្ទាប់ ស្របពេលដែលរាជរដ្ឋាភិបាលស្របច្បាប់ បើកការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធផ្សេងៗទៀត នៅក្នុងសំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីដើមខែមុន»។

លោកប្រធានគណបក្សក្រុង បានបន្ថែមទៀតថា «គោលនយោបាយបក្សប្រឆាំង គឺមិនច្បាស់លាស់ទេ CNRP បានចោទ CPP ថាក្បត់ជាតិ តែពាក្យនេះគួរតែដាក់ឲ្យបក្សខ្លួនឯងទើបត្រូវ។ នាពេលថ្មីៗនេះ ស្ថាប័នមានសមត្ថកិច្ច បានចាប់ខ្លួនបុគ្គល កឹម សុខា ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិ ឃុបឃិតជាមួយបក្ខពួក និងបរទេសមួយចំនួនជាសម្ងាត់ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលជាទង្វើក្បត់ជាតិ ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ អធិបតេយ្យ និងឯករាជ្យភាព របស់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ សមាជិក និងសកម្មជនសំខាន់ៗ របស់គណបក្សសង្គ្រោះជាតិ ជិត៥០០នាក់ មកពីភូមិដូនអី ភូមិក្តីខ្វាវ ភូមិអូររកា សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ និងភូមិសំរោងយារ ឃុំព្រងឹល ស្រុកភ្នំក្រវាញ នឹងបន្តចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា បន្តបន្ទាប់ទៀត ដែលត្រូវធ្វើឡើងនៅបរិវេណវត្តសំរោងយា ស្ថិតក្នុងភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ក្រោមវត្តមាន លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត៕

{IfMobile}

{ElseMobile}

{EndIfMobile}