(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរង អាជ្ញាធរគីមីនៃក្រសួងការពារជាតិ និងជាអ្នកនាំពាក្យ ក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលកំពុងឈរជើង នៅទីតាំងគ្រាប់បែក បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី០៥ ខែតុលានេះថា ប្រតិបត្តិការស្វែងរក និងដោះគ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់អាមេរិក សម្រាប់ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ចប់ទៀតហើយ ខណៈដែលប្រជាពលរដ្ឋជាង១ពាន់នាក់ ត្រូវបានអនុញ្ញាតឲ្យចូលលំនៅឋានវិញហើយ។

លោកឧត្តមសេនីយ៍ឯក កេ ដា បានបញ្ជាក់ទៀតថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ស្អែកនេះ មន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរគីមីរបស់ក្រសួងការពារជាតិ នឹងបន្តប្រតិបត្តិការស្វែងរកគ្រាប់បែកគីមីទី២បន្តទៀត ជាមួយនឹងប្រតិបត្តិការវេចខ្ចប់គ្រាប់បែកគីមីទី១ ដែលបានរកឃើញ។

ពាក់ព័ន្ធករណីប្រតិបត្តិការដោះគ្រាប់បែកគីមីនេះ នៅថ្ងៃទី០៥ ខែតុលាឆ្នាំ២០១៧នេះ​ ថ្នាក់ដឹកនាំអាជ្ញាធរមីនដឹកនាំដោយ លោកទេសដ្ឋមន្ត្រី សេរី​ កុសល​ អនុប្រធានទី១អាជ្ញាធរមីន, នាយឧត្តមសេនីយ័ ជ័យ​ សុន អគ្គលេខាធិការអាជ្ញាធរគីមី​ និងលោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ រួមជាមួយមន្ត្រីជំនាញអន្តរជាតិ បានប្រជុំពិភាក្សាគ្នា ក្នុងការបោសសំអាតគ្រាប់បែកអាវុធគីមី នៅវត្តគគីរ​ ភូមិគគីរ​ ឃុំគគីរ​ ស្រុករមាសហែក​ខេត្តស្វាយរៀង។

លោក ហេង រតនា បានបញ្ជាក់់ប្រាប់ Fresh News ថា ក្នុងកិច្ចប្រជុំនោះបានសម្រេច ត្រូវអនុវត្ត៣ជំហាន៖

១៖​ អនុវត្តការបោសសំអាតគ្រាប់បែកអាវុធគីមី ​ដោយដឹកជញ្ជូន និងរក្សាទុកនៅកន្លែងសវតិ្ថភាព។
២៖ ត្រូវធ្វើការសិក្សាវិភាគផលប៉ះពាល់ខាងបរិស្ថាន​ សុខភាព និងសេដ្ឋកិច្ចសង្គម​ ដែលជាភារកិច្ចខាងអាជ្ញាធរគីមី។
៣៖​ ត្រូវធ្វើការកំទេច និងបន្សាបចោលគ្រាប់បែកអាវុធគីមី​ សំរាប់ពេលវេលាខាងមុខ។ ​

អគ្គនាយកស៉ីម៉ាក់រូបនេះ បានបញ្ជាក់ថា «គ្រាប់គីមីដែលបានរកឃើញ​ ក្រុមជំនាញនឹងបន្តវេចខ្ចប់សំណល់ជាតិផ្ទុះ និងសារធាតុគីមីនៃគោលដៅទី១នេះ​ ហើយនឹងបន្តរុករកគោលដៅទី២។ សារធាតុគីមីដែលបានរកឃើញ នៅគោលដៅទី១នេះ​ នៅមានឥទ្ធិពល និងប្រសិទិ្ធភាពខ្ពស់នៅឡើយ​»

ជាមួយគ្នានេះ លោក ហេង រតនា បានថ្លែងអរគុណចំពោះមន្ត្រីជំនាញខាងអាវុធជាតិផ្ទុះ និងអាវុធគីមី​ ជនជាតិអាមេរិកដែលជាដៃគូ សហការការងារជាមួយស៉ីម៉ាក់បានអញ្ជើញចូលរួម និងគាំទ្រខាងជំនាញបច្ចេកទេសជាមួយគ្នានៅថ្ងៃនេះ។

សូមជម្រាបថា គ្រាប់បែកគីមីដ៏គ្រោះថ្នាក់ចំនួនពីរគ្រាប់ ដែលជាកេរ្តិ៍ដំណែលដ៏ជូរជត់របស់អាមេរិក បន្សល់ទុកឲ្យប្រជាជនខ្មែរ ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន អះអាងថាបានឃើញ និងយកទៅកប់នៅក្នុងបរិវេណសាលារៀន និងវត្តអារ៉ាម ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅពេលនេះ មន្ត្រីជំនាញបានរកឃើញគ្រាប់បែកគីមី១គ្រាប់ហើយ៕

{IfMobile}

{ElseMobile}

{EndIfMobile}