(កំពង់ចាម)៖ ដើម្បីបង្កើនការរក្សាសុវត្ថិភាពសង្គម និងទប់ស្កាត់សកម្មភាពផ្សេង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកងមាស បានបើកវគ្គបំប៉នហ្វឹកហ្វឺនជំនាញអន្ដរាគមន៍ពិសេស មានរយៈពេល៥ថ្ងៃ ហើយក៏ត្រូវបានបិទបញ្ចប់នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។

កម្លាំងដែលលោកឧត្តមសេនីយ៍ស្នងការ បានរៀបចំឲ្យកម្លាំងអន្ដរាគមន៍ពិសេសនៅស្នងដ្ឋាននគរបាលខេត្តមានចំនួន១២០នាក់ និងនៅតាមអធិការដ្ឋាននគរបាលស្រុក-ក្រុង ចំនួន៣០នាក់ ក្នុង១ស្រុក-ក្រុង ហើយបានរៀបចំកម្មវិធីធ្វើការហ្វឹកហ្វឺននៅស្នងការដ្ឋាន និងតាមបណ្តាអធិការដ្ឋានស្រុក-ក្រុង នីមួយៗ​រយៈពេល៥ថ្ងៃ​ បង្ហាត់ដោយគ្រូបង្គោលស្នងការដ្ឋានចំនួន៦នាក់។

បើតាមលោកស្នងការ ​នៅរសៀលថ្ងៃទី០៥ ខែតុលានេះ ​គឺជាលើកទី៧ ដែលលោកបានដឹកនាំ ប្រតិភូ និងសហការី ដោយមានលោកអភិបាល ស្រុកចូលរួមជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នហ្វឹកហ្វឺនជំនាញអន្តរាគមន៍ពិសេស នៅអធិការដ្ឋាននគរបាលស្រុកកងមាស ដែលមានសមាសភាពចូល​រួមសរុប៧៤នាក់ ស្រី៤នាក់ ក្នុងនោះសិក្ខាកាម៣២នាក់។

លោកឧត្តមសេនីយ៍ត្រី ​ឯម កុសល បានអះអាងថា វគ្គបំប៉ននេះទទួលបានលទ្ធផលល្អប្រសើរ ដោយសិក្ខាកាមទាំងអស់បានយកចិត្តទុក ក្នុងការសិក្សាស្វែងយល់ ដើម្បីត្រៀមជួយពលរដ្ឋនៅ និងទប់ស្កាត់រាល់បទល្មើសផ្សេងដែលបានកើតឡើងនៅក្នុងសង្គម៕​