(ភ្នំពេញ)៖ ទីបំផុតនៅល្ងាចថ្ងៃទី០៥​ ខែតុលា ឆ្នាំ២០១៧នេះ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ​ នរោត្តម រណឬទ្ធិ ​បានដាក់ពាក្យបណ្តឹងជាផ្លូវការស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃហើយ។

នៅក្នុងពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបរាប់យ៉ាងដូច្នេះថា៖ សំណើរសុំ​ចាត់វិធានការតាមផ្លូវច្បាប់ តាមនីតិវិធី ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមមាត្រា៦ថ្មី មាត្រា៧ មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ។ 

ក្រោយពីមានការបែកធ្លាយជាសាធារណៈនូវវីដេអូឃ្លីបរបស់លោក កឹម សុខា ដែលត្រូវបានផ្សព្វផ្សាយដោយព័ត៌មាន CBN (Cambodian Broadcasting Network) មានទីតាំងនៅប្រទេសអូស្ត្រាលី លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបាននគរបាលចាប់ខ្លួន និងត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ សន្ទិដ្ឋភាពជាមួយបរទេសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះជាបទល្មើសក្បត់ជាតិ។

គណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ក្នុងពាក្យបណ្តឹងថា «គេមិនអាចកាត់ផ្ដាច់បទល្មើសនេះថា ជាបទល្មើសផ្ទាល់ខ្លួនរបស់លោក កឹម សុខា ហើយទាត់ចោលការទទួលខុសត្រូវរបស់គណបក្សសង្គ្រោះជាតិទាំងមូលនោះទេ ពីព្រោះលោក កឹម សុខា បានផ្ដល់ព័ត៌មានដល់អ្នកចូលរួមនៅក្រៅប្រទេសក្នុងឋានៈជាអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ហើយបានសារភាពថា ខ្លួនទទួលបញ្ជា និងទំនុកបម្រុងពីបរទេស ហើយបានអនុវត្តន៍សម្រេចនូវជំហ៊ានដំបូងពីរដំណាក់កាល គឺការបង្កើតអង្គការសិទ្ធិមនុស្ស និងការច្របាច់បញ្ជូនគ្នា នូវគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី ទៅជាគណបក្សសង្គ្រោះជាតិតែមួយ ដើម្បីឈានទៅដល់ដំណាក់កាលចុងក្រោយ គឺការផ្ដួលរំលំរាជរដ្ឋាភិបាល»។

គណបក្សហ្វ៊ុនស៊ិនប៉ិច បន្ថែមថា «ក្នុងស្មារីអនុវត្តគោលការណ៍នីតិរដ្ឋដូចគ្នា និងអនុវត្តច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា៦ថ្មី មាត្រា៧ មាត្រា៣៨ និងមាត្រា៤៤ថ្មី ខ្ញុំសូមស្នើសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មេត្ដាចាត់វិធានការតាមផ្លូវច្បាប់ តាមនីតិវិធីដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមមាត្រា៣៨ថ្មី នៃច្បាប់ដដែលខាងលើនេះ»។ 

សូមជំរាបថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។ លោក កឹម សុខា ត្រូវបានចាប់ខ្លួន នៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ហើយបញ្ជូនទៅកាន់ពន្ធនាគារត្រពាំងផ្លុងតែម្តង។ 

ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែលបង្ហោះនៅលើ Youtube និង Facebook របស់សារព័ត៌មាន CBN ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាពកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេស យូហ្គោស្លាវី និងសើប៊ីដែរ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងនេះ ថ្នាក់ដឹកនាំសំខាន់ៗ ដែលក្នុងនោះមានអនុប្រធានទាំង៣នាក់ របស់គណបក្សសង្រ្គោះជាតិ និងតំណាងរាស្រ្តគណបក្សនេះ ជិតកណ្តាល ក៏បានចាកចេញពីកម្ពុជាជាបន្តបន្ទាប់ផងដែរ​៕