(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនូយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ បានប្រាប់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ក្នុងមូលដ្ឋានខណ្ឌ​ ត្រូវបង្ការសម្រាប់គ្រោះមហន្តរាយនានា ឬគ្រោះទឹកជំនន់​​ត្រូវតាមដានស្ថានភាពទឹក ស្ថានភាពផ្លូវទំនប់នានា ត្រៀមទីទួលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងរាយការណ៍ជូនថ្នាក់លើឲ្យបានទាន់ពេលវេលា។

ថ្លែងបែបនេះរបស់លោកអភិបាលខណ្ឌ ត្រូវបានធ្វើឡើងនៅក្នុង​កិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែតុលា ដោយមានការចូលរួមពីលោកអភិបាលរង លោកអធិការនគរបាលខណ្ឌ មេបញ្ជការរងកងរាជអាវុធហត្ថខណ្ឌ ប្រធានការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ ស្មៀនសង្កាត់ទាំង១៣។

ក្រៅពីប្រាប់ឲ្យត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះពលរដ្ឋនោះ លោកអភិបាលខណ្ឌ ក៏បាន​ផ្តោតលើការងារសំខាន់ៗមួយចំនួនដូចជា៖
-ការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព
-ការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនានា
-ការបង្កាបង្ក្រាបបទល្មើស លួចឆក់ប្លន់គ្រប់ប្រភេទ បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងនានា កុំឲ្យកើតមានក្នុងមូលដ្ឋាន
​-ការងារអនាម័យបរិស្ថានជាដើម៕