(ភ្នំពេញ)៖ បាតុភាពរើសអើងមនុស្សគ-ថ្លង់នៅកម្ពុជា បានកាត់បន្ថយពី១ឆ្នាំទៅ១ឆ្នាំ។ នេះជាការវិវត្តន៍ថ្មីមួយទៀត នៅក្នុងវិស័យពិការភាពនៅក្នុងប្រទេសកម្ពុជា បើប្រៀបធៀប ទៅនឹងរយៈពេលកន្លងមក។ ការបង្ហាញពីភាពវិជ្ជមាន នៃការលើកកម្ពស់លើជនពិការ ជាពិសេសការកាត់បន្ថយការរើសអើងមនុស្សគ-ថ្លង់ បានបង្ហាញឲ្យដឹងនៅក្នុងពិធីអបអរសាទរ ទិវាមនុស្សគ-ថ្លង់អន្តរជាតិឆ្នាំ២០១៧ ក្រោមប្រធានបទ «ដាក់បញ្ជូលមនុស្សគ-ថ្លង់ ក្នុងសង្គមមួយគ្មានពិការភាព» រៀបចំធ្វើនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងុវនីតិសម្បទា នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ។

ថ្លែងនៅក្នុងពិធីនោះ ទាំងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ មន្រ្តីជាប់ពាក់ព័ន្ធនៅក្នុងក្រសួង អង្គការសង្គមស៊ីវិល និង តំណាងមនុស្សគ-ថ្លង់នៅកម្ពុជា បានលើកឡើងព្រមៗគ្នាថា បាតុភាពរើសអើង ចំពោះមនុស្សគ-ថ្លង់នៅកម្ពុជា ពិតជាបានកាត់បន្ថយពី១ឆ្នាំទៅ១ឆ្នាំ។

ក្នុងពិធីនេះ រដ្ឋមន្ត្រី បានលើកឡើងថា កន្លងមកក៏ដូចបច្ចុប្បន្ន រាជរដ្ឋាភិបាលបានយល់ច្បាស់ពីតម្រូវការ បញ្ហាប្រឈម នានារបស់ជនពិការ ជាពិសេស បងប្អូន ក្មួយៗគ-ថ្លង់។ ឈរលើមូលហេតុ និងស្មារតីទទួលខុសត្រូវនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវចក្ខុវិស័យរយៈពេលវែងសម្រាប់អភិវឌ្ឍន៍វិស័យពិការភាព ដែលជា ផ្នែកមួយនៃប្រព័ន្ធគាំពារសង្គម។

លោក វង សូត បានបន្ថែមថា រាជរដ្ឋាភិបាល បានបង្កើតវិទ្យាស្ថានអប់រំពិសេសសម្រាប់ជនពិការ សំដៅដាក់ បញ្ចូលការសិក្សា ជនពិការតាំងពីថ្នាក់មត្តេយ្យដល់ថ្នាក់ឧត្តមសិក្សា។ ទន្ទឹមនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានបង្កើតវិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះដឹងលើវិស័យសង្គមកិច្ច ការងារការស្តារលទ្ធភាពពលកម្ម កាយសម្បទា និងរណប ក្នុងទិសដៅផ្ដល់សេវាដល់បងប្អូនជនពិការយើងស្របតាមលក្ខណៈបច្ចេកទេស និងមានវិជ្ជាជីវៈត្រឹមត្រូវ។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល បានផ្តល់ឱកាសដល់បងប្អូនជនពិការគ្រប់រូបទទួលបានសមភាពលើវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសប្បុរសជន ជូនដល់ក្មួយៗជនពិការ ដែលពុំមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ឬមហាវិទ្យាល័យ។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ទិវាមនុស្សគ-ថ្លង់ ឆ្នាំ២០១៧នេះ​ បានរៀបចំឡើងក្នុងគោលបំណង ជំរុញការធ្វើបរិយាបន្នជនមានពិការភាពទៅក្នុង សង្គមមួយសម្រាប់ទាំងអស់គ្នា មានសិទ្ធិស្មើគ្នាដោយពុំមានឧបសគ្គរេរាំង តាមរយៈការលើកកម្ពស់ និងការបញ្រ្ជៀបការយល់ដឹងអំពីសិទ្ធ និងសេរីភាពរបស់មនុស្សគ-ថ្លង់។

លោក ឯម ច័ន្ទមករា បានបន្តឲ្យដឹងទៀតថា អង្គការគ្រួសារថ្មី និងកម្មវិធីអភិវឌ្ឍន៍មនុស្ស គ-ថ្លង់ បានខិតខំចង់ក្រង និងបង្ហាត់បង្រៀនភាសាសញ្ញានេះចាប់តាំងពីឆ្នាំ១៩៩៧ ទៅដល់គ្រូបង្រៀនភាសាសញ្ញា និងមនុស្សគ-ថ្លង់។
បើតាមតួលេខប៉ានស្មានរបស់អង្គការទាំងពីរខាងលើនេះ អ្នកដែលចេះប្រើភាសា​សាមញ្ញានៅកម្ពុជា មានចំនួនសរុប ប្រមាណ ១,៧៥០នាក់។ ភាសាសញ្ញានៅកម្ពុជាភាគច្រើនត្រូវបានប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញ ហើយមិនមែនជា ភាសាសញ្ញា ប្រើជាសកលនោះទេ ពីព្រោះវាក្យស័ព្ទនានានៅក្នុងភាសាសញ្ញានេះ មានការផ្លាស់ប្ដូរប្រែប្រួល មិនដូចគ្នាទេ។

ជាមួយគ្នានោះ លោក យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងបានធ្វើការងារជាមួយជនពិការច្រើនរាប់មិនអស់ បានលើកឡើងថា វិស័យជនពិការនៅកម្ពុជា ត្រូវបានលើកកម្ពស់ និងរីកចម្រើន គួរឲ្យកត់សំគាល់ពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយបច្ចុប្បន្ននេះ ជនពិការហាក់មានឪកាសច្រើន ក្នុងការបម្រើការងារក្នុងសង្គម និងទទួលបានការយកចិត្តទុកដាក់ច្រើន ដោយមិនមានការរើសអើងច្រើនទុកពេលមុនៗនោះទេ។

ឡើងថ្លែងនៅក្នុងពិធី ទិវាមនុស្សគ-ថ្លង់អន្តរជាតិឆ្នាំ២០១៧ កញ្ញា យូ សោភា តំណាងឲ្យមនុស្សគ-ថ្លង់ បានប្រាប់ដែរថា ពួកគាត់សប្បាយចិត្ត ដែលទទួលបានការលើកកម្ពស់ និងមិនរើសអើងដូចមុន ពីសំណាក់សាធារណជនទូទៅ។ កញ្ញា សោភា បានបន្ថែមថា ពួកគាត់ នៅតែទទួលបានលើកទឹកចិត្ត និងផ្តល់ឪកាស ចូលរួមសកម្មភាពសង្គមជាបន្តបន្ទាប់ទៀត។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ឲ្យដឹងដែរថា យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក ក្នុងបានបង្ហាញថា៖ បច្ចុប្បន្ននេះ មនុស្សគ-ថ្លង់ នៅលើពិភពលោកមានចំនួន ១២០លាននាក់ ស្មើនឹង៥% នៃជនពិការពិភពលោកចំនួនប្រមាណ៣៦០លាននាក់ ដែលគិតជាភាគរយស្មើនឹង១៥% នៃមនុស្សដែលមិនមានពិការភាព។ ដោយឡែកនៅកម្ពុជា បើយោងតាមការធ្វើអង្កេតសេដ្ឋកិច្ច និងសង្គម របស់វិទ្យាស្ថានជាតិស្ថិត នៃក្រសួងផែនការ ក្នុងឆ្នាំ២០១៤កន្លងទៅនេះ បានបង្ហាញថា ជនដែលមានពិការភាពនៅកម្ពុជា មានចំនួនសរុបប្រមាណ ៥២៤.០០០នាក់ ស្មើនឹង៤% នៃចំនួនប្រជាជនសរុប ក្នុងនោះអត្រាមនុស្សគ-ថ្លង់ មានចំនួន៤៣,៤៩៧នាក់ ស្មើនឹង១៤.៤២% នៃជនពិការសរុប៕