(ភ្នំពេញ)៖ «ទិវាគ្រូបង្រៀន៥តុលា» ឆ្នាំ២០១៧នេះ បានធ្វើឡើងក្រោមប្រធានបទ «គ្រូបង្រៀនជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយ»។ ការប្រារព្វទិវាគ្រូបង្រៀននៅកម្ពុជា ត្រូវបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡានៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាង១ពាន់នាក់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការជ្រើសរើសប្រធានបទឆ្នាំនេះ ពិតជាសំខាន់ណាស់ដល់កម្ពុជា ដើម្បីរឹតចំណងទាក់ទងរវាងគ្រូ និងសិស្សនិស្សិត ដែលជាចំណែកចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍជានិរន្ត។ ទិវានេះ ក៏ជាការបំផុសឡើងវិញដល់សិស្ស ដើម្បីរំលឹកគុណគ្រូបង្រៀននៅទូទាំងប្រទេស ដែលពួកគាត់បានខិតខំបណ្តុះបណ្តាលធនធានម​នុស្សរបស់កម្ពុជាយើង។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា គឺចាប់ផ្តើមពីគ្រូបង្រៀននេះតែម្តង។ ការយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន គឺជាកិច្ចការចំពោះមុខរបស់រាជរដ្ឋាភិបាលកម្ពុជា។ មកដល់ពេលនេះ វិស័យអប់រំនៅតែជាអាទិភាពមួយសម្រាប់កម្ពុជា ក្នុងចំណោមវិស័យអាទិភាពជាច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា រហូតដល់ពេលនេះ ២០ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំផ្តល់តម្លៃ និងលើកកម្ពស់ដល់គ្រូបង្រៀន ជាបន្តបន្ទាប់។ សម្តេចតេជោ បានថ្លែងថា គ្រូបង្រៀន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ហើយក៏បានចូលរួមរួមចំណែកកម្ពុជា នាំឱ្យកម្ពុជាចាកផុតពីក្រីក្រ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យពង្រីកសាលា សម្ភារៈសិក្សាបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សិស្ស ដែលកើនឡើងជារៀងរាល់ឆ្នាំ។ សម្តេចបានគូសបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាយើងមានសាលាបឋមសិក្សា ៧១៤៤កន្លែង អនុវិទ្យាល័យ ១២៤៥កន្លែង វិទ្យាល័យចំនួន ៤៨៦កន្លង និងគ្រឹះស្ថានសិក្សា ១១៥កន្លែង នៅ​ទូទាំងប្រទេសកម្ពុជា។ សព្វថ្ងៃ កម្ពុជា សិស្សានុសិស្ស និស្សិត ជាង៣លាននាក់ទូទាំងប្រទេសផងដែរ។

នៅក្នុងចំណោមសាលាទាំងនោះ សម្តេចតេជោ ហ៊ុន សែន ផ្ទាល់បានជួយសាងសង់ និងជួសជុលដល់សាលាចំនួន៣៩៣២ខ្នង ស្មើនឹង២២៥៥០បន្ទប់ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៧។ នេះមិនទាន់រាប់អគារថ្មីៗបន្ថែមទៀត ដែលសាងសង់ នៅក្រោយខែកុម្ភៈ ឆ្នាំ២០១៧ នោះទេ។

សូមបញ្ជាក់ថា ទិវាគ្រូបង្រៀនកម្ពុជា ត្រូវបានផ្តួចផ្តើមបង្កើតដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៩៧ ដោយកំណត់យកថ្ងៃទី៥ ខែតុលា រៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវានេះ។ គិតរហូតដល់ពេលនេះ មានរយៈពេល២០ឆ្នាំផងដែរ។ កាលពីឆ្នាំមុន ទិវាគ្រូបង្រៀន ត្រូវបានធ្វើឡើងក្រោមប្រធានបទ សម្រួចអនាគតដល់សិស្ស៕

{IfMobile}

{ElseMobile}

{EndIfMobile}