(ភ្នំពេញ)៖ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma បានរៀបចំកម្មវិធីពិនិត្យព្យាបាល រួមទាំងផ្ដល់ថ្នាំព្យាបាលដោយឥតគិតថ្លៃ ដល់អ្នកជំងឺស្រុតស្បូន សម្រាប់អ្នកចុះឈ្មោះ៥០នាក់ដំបូង ព្យាបាលដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម។
ការពិនិត្យព្យាបាលអ្នកជំងឺដោយឥតគិតថ្លៃនេះ ធ្វើឡើងដើម្បីលើកកម្ពស់សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យមានឱកាសទទួលបានការថែទាំសុខភាព ប្រកបដោយគុណភាពពីសំណាក់វេជ្ជណ្ឌិតឯកទៀសវៀតណាម ដែលមានឈ្មោះល្បីល្បាញ និងមានបទពិសោធន៍ច្រើនឆ្មាំ រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ ជាងនេះទៅទៀត គឺជួយឲ្យប្រជាពលរដ្ឋ ឲ្យយល់កាន់តែច្បាស់ អំពីសារៈសំខាន់ នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាល ឲ្យបានសមស្របបំផុត។
លោកស្រីវេជ្ជបណ្ឌិត ង្វៀនធី វិញថាញ់ ឯកទេសព្យាបាលជំងឺស្រុតស្បូនឲ្យដឹងថា បច្ចុប្បន្ននេះជំងឺស្រុតស្បូន គេលែងហៅថាជំងឺស្រុតស្បូនទៀតហើយ គេហៅថាការប្រែប្រួលផ្នែកខាងក្រោមរបស់ស្រ្ដី ជំងឺនេះមានរោគសញ្ញា៥យ៉ាងរួមមាន៖ ១៖ កត្តាទាក់ទងផ្នែកបត់ជើងតូច ការបត់ជើងតូចញឹកញាប់ និងក្រហាយ។ ទី២៖ ទាក់ទងប្រព័ន្ធរំលាយអាហារផ្នែកខាងពោះវៀនធំ និងបញ្ហាបត់ជើងធំ។ ទី៣៖ ទាក់ទងនឹងការស្រុត។ ទី៤៖ ផ្នែកសសៃយ៉ូខ្សោយ ដែលបណ្ដាលឲ្យស្បូនធ្លាក់ចុះក្រោម និងទី៥៖ ទាក់ទងនឹងផ្នែកសុខស្រួលរបស់ស្រ្ដី។
លោកស្រីវេជ្ជបណ្ឌិតបន្ដទៀតថា «ជំងឺនេះកើតឡើងទៅលើស្រ្ដី មកពីដែលមានអាយុច្រើន បណ្ដាលឲ្យសសៃយ៉ូខ្សោយ និងការធ្លាក់ចុះនៃកុលូស្សែន អ្នកជំងឺខ្លះទៀតមានអាយុក្មេងប៉ុន្ដែពេលដែលគាត់ធ្លាក់ចុះកូលូស្សែន ក៏អាចបណ្ដាឲ្យគាត់កើតជំងឺស្រុតស្បូននេះដែរ បញ្ហាមួយផ្នែកទៀតទាក់ទងនឹងការសម្រាលកូន ស្រ្ដីភាគច្រើនសម្រាលកូនច្រើនដងដោយមិនបានដេរឲ្យបានត្រឹមត្រូវ និងស្រ្ដីខ្លះទៀតសម្រាលកូនធំពេកដែលបណ្ដាលឲ្យប្រដាប់ភេទរបស់គាត់រហែក និងមិនបានដេរឲ្យល្អត្រឹមត្រូវ មួយវិញទៀតស្រ្ដីខ្លះធ្វើការងារធ្ងន់ៗពេកក្រោយពីសម្រាលកូន ឬក៏កើតជំងឺក្អករាំរៃមានន័យថា កាលណាក្អកខ្លាំងធ្វើឲ្យគាត់ប្រឹង
សាច់ដុំពោះដែលបណ្ដាលឲ្យមានជំងឺស្រុតស្បូននេះដែរ»។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ឲ្យដឹងទៀតថា ជំងឺស្រុតស្បូននេះមានច្រើនប្រភេទ ហើយការព្យាបាលក៏មានច្រើនប្រភេទដែរ។ ជំងឺស្រុតស្បូននេះមិនបណ្ដាលឲ្យមនុស្សស្លាប់ទេ...ហើយដើម្បីបង្កជំងឺនេះ អ្នកជំងឺទាំងអស់ត្រូវមកពិនិត្យឲ្យបានញឹកញាប់ និងធ្វើតាមវេជ្ជបញ្ជាររបស់គ្រូពេទ្យ។
គួរបញ្ជាក់ថា កម្មវិធីពិនិត្យព្យាបាលដោយឥតគិតថ្លៃ របស់មន្ទីរពេទ្យជោរៃនេះ នឹងធ្វើឡើងជារៀងរាល់ខែជាមួយនឹងវេជ្ជបណ្ឌិតឯកទេសផ្សេងៗគ្នា ដើម្បីទទួលបានការព្យាបាល ដោយឥតគិតថ្លៃ ដោយអ្នកជំងឺអាចចុះឈ្មោះតាមរយៈលេខទូរស័ព្ទ ០២៣ ៦៨ ៤១ ០០១, ០២៣ ២៨ ៤១ ០០២៕